ប្រទេសផលិតប្រេងធំជាងគេទីពីររបស់អង្គការ OPEC រំពឹងថានឹងវិលត្រឡប់ទៅរកកម្រិតផលិតកម្មមុនពេលសង្គ្រាមរបស់ខ្លួនវិញ ក្នុងពេលឆាប់ៗនេះ ដោយអាស្រ័យលើលំហូរចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA អ្នកនាំពាក្យក្រសួងប្រេងអ៊ីរ៉ាក់ លោកSalim Farhoud បាននិយាយថា ៖”យើងអាចត្រឡប់ទៅកម្រិតផលិតកម្មកាលពីពេលមុនរបស់យើងវិញ ក្នុងរយៈពេល ១-២ ខែខាងមុខ។ វាលប្រេងដែលត្រូវកាត់បន្ថយសមត្ថភាពបានចាប់ផ្តើមបង្កើនទិន្នផលជាថ្មីម្តងទៀត”។
គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈបាននាំឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz។ ការបិទនេះបានធ្វើឱ្យការដឹកជញ្ជូនប្រេងជាប់គាំង និងបង្ខំឱ្យប្រទេសផលិតសំខាន់ៗជាច្រើន រួមទាំងអ៊ីរ៉ាក់ កាត់បន្ថយផលិតកម្មរបស់ខ្លួន ដែលបណ្តាលឱ្យមានភាពចលាចល នៅក្នុងទីផ្សារថាមពលសកល។
ជម្រាបជូនថា អ៊ីរ៉ាក់គឺជាសមាជិកស្ថាបនិកមួយនៃអង្គការប្រទេសនាំចេញប្រេងធំបំផុតលើលោក (OPEC) និងជាប្រទេសផលិតធំទីពីរនៅក្នុងប្លុកនេះផងដែរ។ មុនពេលជម្លោះ អ៊ីរ៉ាក់បាននាំចេញប្រេងប្រហែល ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះត្រូវបានបង្ខំឱ្យបញ្ឈប់ការផលិតនៅវាលប្រេងភាគច្រើនរបស់ពួកគេដោយសារតែធុងស្តុកប្រេងពេញ៕

