យោងតាមអ្នកជំនាញអាមេរិក បានប៉ាន់ប្រមាណថា មន្ទីរបញ្ចកោណបានចំណាយទឹកប្រាក់អស់ប្រហែល ៤០ពាន់លានដុល្លារ លើយុទ្ធនាការប្រឆាំងទៅនឹងអ៊ីរ៉ង់ រួមទាំងការខូចខាតសម្ភារៈ និងការថយចុះនៃគ្រាប់រំសេវផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប៉ាន់ប្រមាណនៅថ្ងៃទី២១ ខែមិថុនាថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមន្ទីរបញ្ចកោណចំណាយទឹកប្រាក់ប្រហែល ៤០ពាន់លានដុល្លារ ប៉ុន្តែចំនួនសរុបជាក់ស្តែងទំនងជាខ្ពស់ជាងនេះ។
យោងតាមលោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៅ CSIS បានឲ្យដឹងទៀតថា តួលេខ ៤០ពាន់លានដុល្លារនេះរួមបញ្ចូលទាំងគ្រាប់រំសេវដែលបានចំណាយ ការខូចខាតដល់ឧបករណ៍ និងមូលដ្ឋានទ័ព។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះមិនរាប់បញ្ចូលថ្លៃដើមប្រតិបត្តិការទេ ដែលត្រូវបានគិតបញ្ចូលទៅក្នុងថវិកាជាង ១ទ្រីលានដុល្លាររបស់មន្ទីរបញ្ចកោណសម្រាប់ឆ្នាំសារពើពន្ធ២០២៦។
លោក Cancian បានបន្ថែមទៀតថា ៖”គ្រាប់រំសេវគឺជាសមាសធាតុថ្លៃបំផុតនៅពេលដែលយោធាសហរដ្ឋអាមេរិកប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដ៏ទំនើប និងថ្លៃៗយ៉ាងទូលំទូលាយ”។ សហរដ្ឋអាមេរិកបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់ខ្លួនអស់ប្រហែល ១ ០០០គ្រាប់ ដែលមួយគ្រាប់មានតម្លៃប្រហែល ២,៥លានដុល្លារ។
គួរជម្រាបជូនថា ការចំណាយលើយុទ្ធនាការនេះបានថយចុះបន្តិចម្តងៗតាមពេលវេលា ដោយសារការវាយប្រហារតាមអាកាសបានថយចុះ។ យោងតាម CSIS សហរដ្ឋអាមេរិកបានចំណាយប្រហែល ៣,៧ពាន់លានដុល្លារក្នុងរយៈពេល ១០០ម៉ោងដំបូងនៃជម្លោះ។ នៅថ្ងៃទី១២ នៃជម្លោះ ការចំណាយសរុបបានឈានដល់ ១៦,៥ពាន់លានដុល្លារ៕

