មន្ទីរបញ្ចកោណបានចំណាយលុយអស់ ៤០ពាន់លានដុល្លារលើជម្លោះជាមួយអ៊ីរ៉ង់

អន្តរជាតិ

យោងតាមអ្នកជំនាញអាមេរិក បានប៉ាន់ប្រមាណថា មន្ទីរបញ្ចកោណបានចំណាយទឹកប្រាក់អស់ប្រហែល ៤០ពាន់លានដុល្លារ លើយុទ្ធនាការប្រឆាំងទៅនឹងអ៊ីរ៉ង់ រួមទាំងការខូចខាតសម្ភារៈ និងការថយចុះនៃគ្រាប់រំសេវផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប៉ាន់ប្រមាណនៅថ្ងៃទី២១ ខែមិថុនាថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមន្ទីរបញ្ចកោណចំណាយទឹកប្រាក់ប្រហែល ៤០ពាន់លានដុល្លារ ប៉ុន្តែចំនួនសរុបជាក់ស្តែងទំនងជាខ្ពស់ជាងនេះ។

យោងតាមលោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៅ CSIS បានឲ្យដឹងទៀតថា តួលេខ ៤០ពាន់លានដុល្លារនេះរួមបញ្ចូលទាំងគ្រាប់រំសេវដែលបានចំណាយ ការខូចខាតដល់ឧបករណ៍ និងមូលដ្ឋានទ័ព។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះមិនរាប់បញ្ចូលថ្លៃដើមប្រតិបត្តិការទេ ដែលត្រូវបានគិតបញ្ចូលទៅក្នុងថវិកាជាង ១ទ្រីលានដុល្លាររបស់មន្ទីរបញ្ចកោណសម្រាប់ឆ្នាំសារពើពន្ធ២០២៦។

លោក Cancian បានបន្ថែមទៀតថា ៖”គ្រាប់រំសេវគឺជាសមាសធាតុថ្លៃបំផុតនៅពេលដែលយោធាសហរដ្ឋអាមេរិកប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដ៏ទំនើប និងថ្លៃៗយ៉ាងទូលំទូលាយ”។ សហរដ្ឋអាមេរិកបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់ខ្លួនអស់ប្រហែល ១ ០០០គ្រាប់ ដែលមួយគ្រាប់មានតម្លៃប្រហែល ២,៥លានដុល្លារ។

គួរជម្រាបជូនថា ការចំណាយលើយុទ្ធនាការនេះបានថយចុះបន្តិចម្តងៗតាមពេលវេលា ដោយសារការវាយប្រហារតាមអាកាសបានថយចុះ។ យោងតាម ​​CSIS សហរដ្ឋអាមេរិកបានចំណាយប្រហែល ៣,៧ពាន់លានដុល្លារក្នុងរយៈពេល ១០០ម៉ោងដំបូងនៃជម្លោះ។ នៅថ្ងៃទី១២ នៃជម្លោះ ការចំណាយសរុបបានឈានដល់ ១៦,៥ពាន់លានដុល្លារ៕​