ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបប្រមាណ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥%។ នេះបើយោងតាមកិច្ចប្រជុំ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។
អ្នកឧកញ៉ាបន្តថា ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, មណ្ឌលសុខភាព និង ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាន និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។នេះបើតាមការបញ្ជាក់បន្ថែមពីសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា៕អត្ថបទ៖ហ្សាលីន

