ក្រុមហ៊ុន Samsung Electronics មានគម្រោងទិញភាគហ៊ុនត្រលប់មកវិញដែលមានតម្លៃប្រហែល ៩០ពាន់ពាន់លានវ៉ុន (៥៨,៦១ពាន់លានដុល្លារ) បន្ទាប់ពីយល់ព្រមផ្តល់ប្រាក់រង្វាន់ភាគហ៊ុនដល់បុគ្គលិកក្នុងការចរចាប្រាក់ឈ្នួលនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

កាលពីខែមុន ថ្នាក់ដឹកនាំ និងសហជីពបានឈានដល់កិច្ចព្រមព្រៀងប្រាក់ឈ្នួលមួយ ដែលក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងបែងចែកប្រហែល ១០,៥%នៃប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ធ្វើជាប្រាក់រង្វាន់ពិសេសក្នុងទម្រង់ជាភាគហ៊ុន ជូនដល់បុគ្គលិក ក្នុងគោលបំណងដោះស្រាយបញ្ហាវិសមភាពនៅក្នុងក្រុមហ៊ុន។
បុគ្គលិកនៅក្រុមហ៊ុន Samsung នឹងអាចលក់ភាគហ៊ុនមួយភាគបីដែលពួកគេទទួលបានជាប្រាក់រង្វាន់ភ្លាមៗ ប៉ុន្តែពួកគេនឹងត្រូវរង់ចាំមួយឆ្នាំ ដើម្បីលក់មួយភាគបីទៀត និងមួយឆ្នាំទៀតសម្រាប់ភាគហ៊ុនដែលនៅសេសសល់។
ទន្ទឹមនឹងនេះ សារព័ត៌មាន Yonhap បានចុះផ្សាយថា ក្រុមហ៊ុន Samsung ក៏ប្រហែលជាត្រូវទិញភាគហ៊ុនបន្ថែមមកវិញ ដើម្បីផ្តល់រង្វាន់ដល់បុគ្គលិក ក្រោមកម្មវិធីសំណងដាច់ដោយឡែកមួយ ហៅថា “Performance Stock Unit” ដែលត្រូវបានដាក់ចេញកាលពីខែតុលា ឆ្នាំមុន។
គួរជម្រាបជូនផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានកើនឡើងជាង ៦% ដែលជាកម្រិតដ៏ខ្ពស់មួយ បន្ទាប់ពីមានការប្រកាសទិញភាគហ៊ុនត្រលប់មកវិញនេះ៕

