ឧកញ៉ា តាន់ មុនីវណ្ណ ជួបពិភាក្សាការងារស្តីពី «និរន្តរភាពនៃកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)»

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦, នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំ ជំនួបពិភាក្សាការងារស្តីពី «និរន្តរភាពនៃកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ លោក Paul Keogh ប្រធានកម្មវិធី (Facility Director) និងមានការអញ្ជើញចូលរួមពី លោក នុវ ពិសិដ្ឋ មន្ត្រីគ្រប់គ្រងកម្មវិធីជាន់ខ្ពស់នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា (DFAT) ព្រមទាំងក្រុមការងារបច្ចេកទេស, បានគោរពស្នើសុំជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧកញ៉ា  តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងអនុប្រធាន និងសមាជិកលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន (គ.ស.ឯ.រ.ជ) នៃសភាពាណិជ្ជកម្មកម្ពុជា។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងឱកាសបើកកិច្ចប្រជុំ ឧកញ៉ា តាន់ មុនីវណ្ណ និង លោក Paul Keogh បានថ្លែងសុន្ទរកថាបើក និងសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នទាំងពីរ ក្នុងការគាំទ្រដល់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាយន្តការសន្ទនារវាងរដ្ឋ និងឯកជនកម្រិតខ្ពស់បំផុតនៅកម្ពុជា។

កម្មវិធី CAPRED បានគូសបញ្ជាក់ថា «និរន្តរភាព» គឺជាគោលការណ៍ស្នូលក្នុងការគាំទ្រដល់ដៃគូនានា ដោយផ្តោតលើការធានាថា ជំនួយដែលបានផ្តល់ជូននឹងរួមចំណែកដល់ការកសាងសមត្ថភាពស្ថាប័នឱ្យមានភាពរឹងមាំយូរអង្វែង និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។

នៅក្នុងជំនួបនេះដែរ អង្គប្រជុំបានស្តាប់នូវបទបង្ហាញយ៉ាងលម្អិតចំនួនពីរ រួមមាន៖

១. ផែនការការងារឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់លេខាធិការដ្ឋានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន (CCC’s PS G-PSF CC Secretariat) ដែលបង្ហាញដោយក្រុមការងារលេខាធិការដ្ឋាន CCC។

២. បទបង្ហាញស្តីពីយុទ្ធសាស្ត្រនិរន្តរភាព (Sustainability Strategy) ដែលបង្ហាញដោយ លោកស្រីបណ្ឌិត Sheila Scopis ទីប្រឹក្សាអន្តរជាតិនៃយន្តការ G-PSF របស់កម្មវិធី CAPRED។

បន្ទាប់ពីស្តាប់បទបង្ហាញ តំណាងស្ថាប័នទាំងពីរ ក៏ដូចជាសមាជិកអង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុលលើការពង្រឹងវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងពង្រឹងមូលដ្ឋានគ្រឹះស្ថាប័នដែលចាំបាច់ ដើម្បីធានាថា G-PSF នៅតែបន្តមានប្រសិទ្ធភាព បរិយាបន្ន ដឹកនាំដោយផ្នែកឯកជន និងមាននិរន្តរភាពក្នុងរយៈពេលវែង។

លើសពីនេះ ជំនួបនេះក៏ជាឱកាសក្នុងការទទួលបាននូវការណែនាំតម្រង់ទិសដៅពី ឧកញ៉ា តាន់ មុនីវណ្ណ សម្រាប់ជំហានបន្ទាប់ និងកំណត់សកម្មភាពជាក់ស្តែងសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការរវាង CCC-CAPRED ជាពិសេសលើការពង្រឹងការសម្របសម្រួលក្នុងវិស័យឯកជន ការចូលរួមរបស់ក្រុមការងារផ្នែកឯកជន (Private Sector Working Groups) និងការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ (ជាតិ-អន្តរជាតិ) ដើម្បីចូលរួមសកម្មភាពតាមជំនាញ បទពិសោធន៍ ក្នុងក្រុមការងារតាមវិស័យនៅក្នុងយន្តការ G-PSF ដែលមានលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកជន នៃសភាពាណិជ្ជកម្មកម្ពុជា ជាលេខាធិការសម្របសម្រួលសកម្មភាពនានា របស់ការងារទាំងអស់ផ្នែកឯកជន៕