ជម្លោះអស់រយៈពេលជាច្រើនខែកន្លងមកនេះ បានបណ្តាលឱ្យអតិផរណានៅក្នុងប្រទេសអ៊ីរ៉ង់ កើនឡើងយ៉ាងលឿន ពី 68៦៨% ក្នុងខែកុម្ភៈ ដល់ជិត ៩០% នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីថ្ងៃទី២៧ ខែមិថុនា មជ្ឈមណ្ឌលស្ថិតិអ៊ីរ៉ង់បានរាយការណ៍ថា អតិផរណានៅក្នុងប្រទេសខ្លួនបានឈានដល់ ៨៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា ដែលភាគច្រើនកើតឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នៅក្នុងខែកុម្ភៈ មុនពេលផ្ទុះឡើងនៃជម្លោះ តួលេខនេះមានត្រឹមតែ ៦៨% ប៉ុណ្ណោះ។
នៅចន្លោះពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី២១ ខែមិថុនា យោងតាមស្ថិតិអ៊ីរ៉ង់ តម្លៃម្ហូបអាហារបានកើនឡើងជាងទ្វេដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនំប៉័ង និងគ្រាប់ធញ្ញជាតិបានកើនឡើង ១៣៨,៨%។ ចំណែកឯតម្លៃទឹកដោះគោ ស៊ុត និងឈីសបានកើនឡើងជាង ១៥០% ខណៈតម្លៃសាច់ និងបសុបក្សីបានកើនឡើងជិត ១៨០%។
គួរឲ្យដឹងថាអស់រយៈពេលជាច្រើនឆ្នាំមកហើយ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ បានប្រឈមមុខជាមួយនឹងអតិផរណាខ្ពស់ជាប់លាប់ និងតម្លៃប្រាក់ Rial របស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដែលភាគច្រើនដោយសារតែទណ្ឌកម្មអន្តរជាតិ។ បច្ចុប្បន្នអ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងទណ្ឌកម្មច្រើនបំផុតនៅលើពិភពលោក ដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។
ជម្រាបជូនថា ប្រេងឆៅត្រូវបានចាត់ទុកថាជាសសៃឈាមជីវិតរបស់សេដ្ឋកិច្ចនេះ ដែលរួមចំណែកយ៉ាងសំខាន់ដល់ថវិកាជាតិ និងទុនបម្រុងប្តូរប្រាក់បរទេស។ តែទោះជាយ៉ាងណាក៏ដោយ ការផលិតនៅតែមានកម្រិតដោយសារតែទណ្ឌកម្មអន្តរជាតិជាច្រើនឆ្នាំ និងការវិនិយោគមិនគ្រប់គ្រាន់ គួបផ្សំជាមួយនឹងបញ្ហាសង្គ្រាម នៅក្នុងរយៈពេលចុងក្រោយនេះផងដែរ៕

