Honda ចាយលុយជិត ១០ពាន់លានដុល្លារ លើការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ

អន្តរជាតិ

ក្រុមហ៊ុន Honda ត្រូវបានគេរាយការណ៍ថាបានរងការខាតបង់យ៉ាងធំជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយ ដោយបានចំណាយទឹកប្រាក់អស់ប្រមាណ ៩ពាន់លានដុល្លាឬ ដើម្បីរៀបរចនាសម្ព័ន្ធឡើងវិញ ដោយសារតែមិនអាចស្វែងរកកន្លែងឈរជើងសម្រាប់រថយន្តអគ្គិសនីខ្លួន នៅទីផ្សារចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិលោក Toshihiro Mibe បានសុំទោសចំពោះលទ្ធផលអាជីវកម្មមិនល្អរបស់ក្រុមហ៊ុន Honda ដោយមានប្រសាសន៍ថា៖ “ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុន ចំពោះការព្រួយបារម្ភ និងការរអាក់រអួលសំខាន់ៗដែលបណ្តាលមកពីការខាតបង់សុទ្ធក្នុងឆ្នាំសារពើពន្ធកន្លងមក”។

ក្រុមហ៊ុន Honda កំពុងធ្វើការដើម្បីកែតម្រូវកំហុសយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីបានរាយការណ៍ពីការខាតបង់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សចុងក្រោយ ក្នុងឆ្នាំសារពើពន្ធដែលទើបបញ្ចប់ទៅនៅក្នុងខែមីនា។ ក្រុមហ៊ុនផលិតជប៉ុនខ្នាតយក្សរបស់រថយន្តមួយនេះ បានរាយការណ៍ពីការខាតបង់ប្រតិបត្តិការជាង ៤១៤ពាន់លានយ៉េន (ឬស្មើនឹងជាង ២,៦ពាន់លានដុល្លារ) បើប្រៀបធៀបទៅនឹងប្រាក់ចំណេញ ១,២ពាន់ពាន់លានយ៉េន (៧,៥ពាន់លានដុល្លារ) កាលពីឆ្នាំមុន។

យោងតាម ​​Reuters នេះគឺជាលទ្ធផលអាជីវកម្មទាបបំផុតរបស់ក្រុមហ៊ុន Honda ចាប់តាំងពីបានចេញលក់ភាគហ៊ុនជាសាធារណៈលើកដំបូងនៅឆ្នាំ១៩៥៧ មក។ លទ្ធផលនេះ ក៏បានបង្ហាញថាដាក់ក្តីរំពឹងខ្លាំងទៅលើយានយន្តអគ្គិសនីរបស់ក្រុមហ៊ុនជប៉ុននេះ ហាក់មានហានិភ័យយ៉ាងខ្លាំង នៅពេលដែលតម្រូវការជាក់ស្តែងមានកម្រិតទាប ដោយសារតែមានការប្រកួតប្រជែងខ្លាំង ជាពិសេសពីសំណាក់ប្រទេសចិន៕​