ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦បានចេញលិខិតជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មក្នុងវិស័យព័ត៌មាន។ ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា មានអង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ព ផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពី ក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។
នៅក្នុងលិខិតនោះដែរ ក្រសួងព័ត៌មាន ក៏បានណែនាំដល់ម្ចាស់អាជីវកម្មនិងអ្នកពាក់ព័ន្ធមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនៅច្រកចេញ ចូលតែមួយរបស់ក្រសួងព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ជាកំហិត៕


