ផលិតកម្មរថយន្តរបស់ប្រទេសថៃ ធ្លាក់ដាំក្បាលចុះជិត ១៨% នៅក្នុងខែឧសភា

អន្តរជាតិ

ការផលិតរថយន្តរបស់ប្រទេសថៃ បានធ្លាក់ចុះ ១៧,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ១១៤ ២១៤ គ្រឿងនៅក្នុងខែឧសភា ខណៈពេលដែលការនាំចេញវិញក៏បានធ្លាក់ចុះផងដែរ ដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា និងតម្រូវការកាន់តែទាបនៅក្នុងទីផ្សារសំខាន់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសហព័ន្ធឧស្សាហកម្មថៃ បានបង្ហាញឲ្យដឹងថា ការធ្លាក់ចុះនេះបានអូសទាញផលិតកម្មសរុបក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ នេះ ឲ្យធ្លាក់ចុះ ១,១៣% មកត្រឹម ៥៨៧ ៧៥៩ គ្រឿង។

ទន្ទឹមនឹងនេះ លោក Surapong Paisitpattanapong ទីប្រឹក្សាប្រធានក្លឹបឧស្សាហកម្មរថយន្តរបស់សហព័ន្ធឧស្សហកម្មរថយន្តថៃ បាននិយាយថា ការផលិតសម្រាប់ការនាំចេញបានធ្លាក់ចុះអស់ ៣៦,២០% នៅក្នុងខែឧសភា។ ចំណែកការនាំចេញរថយន្តដែលផលិតរួចជាស្រេចបានធ្លាក់ចុះ ២៦,៦៩% មកត្រឹម ៥៩ ៤៣៤ គ្រឿងនៅក្នុងខែនោះផងដែរ។

យ៉ាងណាមិញ សហព័ន្ធបានចង្អុលបង្ហាញពីមូលហេតុចម្បងៗដែលនាំឲ្យមានការធ្លាក់ចុះនៃផលិតកម្មរថយន្តរបស់ខ្លួននេះ គឺបណ្តាលមកពីទីផ្សារនៅមជ្ឈិមបូព៌ា ដែលការនាំចេញបានធ្លាក់ចុះរហូតដល់ ៦៦,១៤% ដោយសារតែមានជម្លោះរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក។ ខណៈបញ្ហាធំមួយផ្សេងទៀត គឺដោយសារតែអូស្ត្រាលី និងអូសេអានី ដែលជាកន្លែងនាំចេញដ៏សំខាន់របស់ថៃនោះ បានធ្លាក់ចុះជាង ៣៧% បន្ទាប់ពីទីផ្សាររងផលប៉ះពាល់ដោយបទប្បញ្ញត្តិគ្រប់គ្រងកាបូនកាន់តែតឹងរ៉ឹង និងការប្រកួតប្រជែងកើនឡើងពីរថយន្តអគ្គិសនីចិន៕​