ទុនបម្រុងមាសរបស់ប៉ូឡូញ កើនឡើងលើសធនាគារកណ្តាលអឺរ៉ុប ដល់តម្លៃសរុបជាង ៧៥ពាន់លានដុល្លារ

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសប៉ូឡូញឥឡូវនេះ បានកាន់កាប់ទុនបម្រុងមាសច្រើនជាងធនាគារកណ្តាលអឺរ៉ុប (ECB) ហើយកំពុងមានគម្រោងក្នុងការបន្តទិញចូលមាសបន្ថែមទៀត ចំពេលភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយកំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន EuroNews។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកាន់កាប់មាសរបស់ធនាគារជាតិប៉ូឡូញបានឈានដល់ចំនួន ៥៥០ តោន ដែលមានតម្លៃសរុបប្រមាណ ៦៣ពាន់លាន់អឺរ៉ូ ឬស្មើនឹងជាង ៧៥ពាន់លានដុល្លារ ពោលគឺលើសពីការកាន់កាប់របស់ ECB ដែលមានចំនួនសរុបជាង ៥០៦ តោន។

គួរឲ្យដឹងផងដែរថា មាសឥឡូវនេះមានចំនួន ២៨,២% នៃទុនបម្រុងប្តូរប្រាក់បរទេសរបស់ប្រទេសប៉ូឡូញ ពោលគឺបានកើនឡើងពី ១៦,៩% ក្នុងឆ្នាំ២០២៤ ដែលជាការផ្លាស់ប្តូរលឿនបំផុតមួយក្នុងចំណោមធនាគារកណ្តាលផ្សេងទៀតលើសកលលោក។

ជុំវិញការបង្កើនទុនបម្រុងមាសនេះ លោក Adam Glapinski អភិបាលធនាគារជាតិប៉ូឡូញ (NBP) បានបង្ហាញឲ្យដឹងថា មាសមិនមានហានិភ័យឥណទាន ហើយវាមានឯករាជ្យពីការសម្រេចចិត្តគោលនយោបាយរូបិយវត្ថុរបស់ប្រទេសដទៃទៀត និងមានភាពធន់ទៅនឹងការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ។

មិនតែប៉ុណ្ណោះ លោក Glapinski បាននិយាយទៀតថា NBP មានគោលបំណងបង្កើនទុនបម្រុងមាសរបស់ខ្លួនឲ្យដល់ចំនួន ៧០០ តោន ជាមួយនឹងតម្លៃមាសសរុបប្រមាណ ៩៤ពាន់លានអឺរ៉ូ។

ជម្រាបជូនថា ការទិញមាសធំបំផុតរបស់ NBP បានកើតឡើងនៅចុងឆ្២០២៥ ក្នុងអំឡុងពេលមានការប្រែប្រួលទីផ្សារកាន់តែខ្លាំង។ យុទ្ធសាស្ត្ររបស់ធនាគារនេះ ស្របនឹងការព្រួយបារម្ភកាន់តែទូលំទូលាយអំពីភាពធន់នៃសេដ្ឋកិច្ច និងទេសភាពរូបិយវត្ថុអន្តរជាតិដែលកំពុងផ្លាស់ប្តូរ៕​