ជប៉ុន សន្យានាំចូលអង្ករកាន់តែច្រើនពីសហរដ្ឋអាមេរិក តែក្នុងកូតាមិនគិតពន្ធ​

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួន នឹងនាំចូលអង្ករកាន់តែច្រើនបន្ថែមទៀតពីសហរដ្ឋអាមេរិក ប៉ុន្តែនៅក្នុងកូតាគ្មានពន្ធដែលមានស្រាប់ បន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីមានការចរចាអស់រយ:ពេលជាច្រើនខែមក ជប៉ុន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្ទាបនូវអ្វីដែលហៅថាពន្ធបដិការ មកនៅត្រឹម ១៥%​ ពីកម្រិតដើម ២៥% ដែលបានស្នើឡើង។ ក្នុងនោះការបង្កើនការនាំចេញអង្ករពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសជប៉ុន គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះផងដែរ។

យ៉ាងណាមិញ ដោយស្ថិតនៅក្រោមលក្ខខណ្ឌ “minimum access” របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៩៥ ប្រទេសជប៉ុន បាននាំចូលអង្ករប្រហែល ៧៧០ ០០០ តោន ដោយមិនគិតពន្ធជារៀងរាល់ឆ្នាំ។ ហើយនៅក្នុងឆ្នាំសារពើពន្ធចុងក្រោយ សហរដ្ឋអាមេរិក រួមចំណែកដល់ទៅ ៤៥% នៃការនាំចូលសរុប។

ជម្រាបជូនថា ដោយប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសជប៉ុន នឹងបង្កើនលទ្ធភាពកាន់តែទូលំទូលាយទៅកាន់ទីផ្សារអាមេរិក តាមរយ:ក្រុមហ៊ុនផលិតរថយន្ត ឡានដឹកទំនិញ អង្ករ និងផលិតផលកសិកម្មមួយចំនួន ក្នុងចំណោមទំនិញផ្សេងទៀត៕​