ភ្នំពេញ៖ ឧស្សាហកម្មយានយន្តនៅកម្ពុជាបានឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន តូយ៉ូតា បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃការផ្គុំ និងដំឡើងរថយន្ត Toyota Hilux Travo នៅរោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកធឺរីង (Toyota Tsusho Manufacturing)។ ពិធីដ៏មហោឡារិកនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូបទៀតផងដែរ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីចំណុចលេចធ្លោ និងសមិទ្ធផលធំៗចំនួន ៤ ដូចខាងក្រោម៖
១. Toyota បន្តលើកកម្ពស់ «ផលិតនៅកម្ពុជា» ឈានទៅដំណាក់កាលថ្មី
ជិតពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើមខ្សែច្រវាក់ផលិតកម្មរថយន្តដំបូងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Toyota បានឈានដល់សមិទ្ធផលថ្មីដ៏អស្ចារ្យមួយទៀត តាមរយៈការប្រកាសបង្ហាញរថយន្ត New Toyota Hilux ដែលត្រូវបានដំឡើងដោយផ្ទាល់នៅក្នុងស្រុក។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាមោទនភាពរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែវាគឺជាជំហានឆ្ពោះទៅមុខដ៏រឹងមាំនៃឧស្សាហកម្មយានយន្តកម្ពុជា ដែលសហគមន៍អន្តរជាតិអាចមើលឃើញថា រថយន្តដែលមានគុណភាពស្តង់ដារពិភពលោក គឺអាចផលិត និងដំឡើងដោយមោទនភាពនៅកម្ពុជា និងដោយស្នាដៃយុវជនកម្ពុជាផ្ទាល់។

២. វិស្វករកម្ពុជារបស់ Toyota ផលិតគុណភាពស្តង់ដារពិភពលោក
ចំណុចលេចធ្លោ និងទាក់ទាញបំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺកម្មវិធី “Vehicle Experience” ដែលជាឱកាសដ៏ពិសេសសម្រាប់វិស្វករខ្មែររបស់ក្រុមហ៊ុន Toyota ធ្វើការបង្ហាញផ្ទាល់នូវបច្ចេកវិទ្យាទំនើប និងលក្ខណៈពិសេសៗរបស់ New Toyota Hilux ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ នេះជាភស្តុតាងយ៉ាងច្បាស់ស្តែងដែលបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Toyota ក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យាផលិតកម្មទំនើបៗ និងការលើកកម្ពស់សមត្ថភាពវិស្វករខ្មែរឱ្យមានលទ្ធភាពផលិតរថយន្តបានយ៉ាងត្រឹមត្រូវតាមស្តង់ដារសកល។

៣. ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទទួលស្គាល់តម្លៃនៃ «ផលិតនៅកម្ពុជា»
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានចូលរួមចែករំលែកទស្សនវិស័យយ៉ាងទូលំទូលាយទៅលើរថយន្ត New Toyota Hilux និងសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន Toyota នៅកម្ពុជា។ ការវាយតម្លៃខ្ពស់នេះត្រូវបានធ្វើឡើងតាមរយៈទស្សនវិស័យផ្សេងៗគ្នា រាប់ចាប់តាំងពីការវិនិយោគ, ឧស្សាហកម្ម, ការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ការដឹកជញ្ជូន, ពន្ធដារ, គយ រហូតដល់ផ្នែកភស្តុភារកម្ម (Logistics)។ មតិយោបល់របស់ថ្នាក់ដឹកនាំទាំងអស់បានសង្កត់ធ្ងន់ថា ការវិនិយោគរបស់ Toyota ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងលើកកម្ពស់តម្លៃម៉ាកសញ្ញា «ផលិតនៅកម្ពុជា» នៅលើឆាកអន្តរជាតិ។

៤. ស្នាដៃយើង សម្រាប់ជាតិយើង (From Our Hands, For Our Homeland)
តាមរយៈរថយន្ត New Toyota Hilux នេះ ក្រុមហ៊ុន Toyota មានគោលបំណងផ្តល់ជូនលើសពីរថយន្តធម្មតា។ ដោយឈរលើទស្សនវិជ្ជាដ៏មានអត្ថន័យ «ស្នាដៃយើង សម្រាប់ជាតិយើង (From Our Hands, For Our Homeland)» Toyota ប្តេជ្ញាចិត្តផលិតរថយន្តលំដាប់ពិភពលោក ដោយមោទនភាពពីប្រជាជនកម្ពុជា និងដើម្បីបម្រើដល់ប្រជាជនកម្ពុជា។ តាមរយៈការចូលរួមគាំទ្រដល់ឱកាសការងារ គ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ Toyota មានបំណងធ្វើយ៉ាងណាឱ្យ New Toyota Hilux ក្លាយជារថយន្តដែលទទួលបានការទុកចិត្តខ្ពស់បំផុត និងជានិមិត្តរូបនៃការរីកចម្រើន វឌ្ឍនភាព និងភាពរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជាទៅថ្ងៃអនាគត៕












