ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំគណៈប្រតិភូ ១០ក្រុមហ៊ុន ចូលរួមកម្មវិធីជំនួបនិងផ្គូផ្គងពាណិជ្ជកម្ម នៅកំពង់ផែ ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) បានដឹកនាំគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានតំណាងពី ក្រុមហ៊ុនសមាជិកចំនួន ១០ និងប្រតិភូសរុបចំនួន ៣០នាក់ ចូលរួមកម្មវិធីជំនួប និងផ្គូផ្គងពាណិជ្ជកម្ម (Business Networking and Matchmaking) នៅកំពង់ផែ ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យស្រូវអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មនៅសហរដ្ឋអាមេរិក ព្រមទាំងស្វែងយល់អំពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កំពង់ផែ Long Beach ដែលជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់មួយរវាងអាស៊ី និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំកំពង់ផែ Long Beach រួមមាន លោក Noel Hacegaba នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មនៃកំពង់ផែ Long Beach, លោក Steven Neal អនុប្រធាន​គណៈកម្មការកំពង់ផែ Long Beach និង ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកម្ពុជាប្រចាំទីក្រុង Long Beach។

លោកឧកញ៉ា ឡាយ ឈុនហួ បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ក្នុងការពង្រីកទីផ្សារ​អង្ករកម្ពុជា​នៅសហរដ្ឋអាមេរិក ជំរុញការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកទិញអន្តរជាតិ ព្រមទាំង​ស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួត​ប្រជែង​របស់អង្ករកម្ពុជានៅលើទីផ្សារពិភពលោក។

ជំនួប និងការផ្គូផ្គងពាណិជ្ជកម្មនេះ ក៏បានផ្តល់ឱកាសឱ្យក្រុមហ៊ុនសមាជិកទាំង ១០ ធ្វើការពិភាក្សាផ្ទាល់​ជាមួយ​ដៃគូអាជីវកម្ម អ្នកនាំចូល និងអ្នកចែកចាយ ចំនួនប្រមាណជាង ២០ ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងថ្មី និង​ពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មនាពេលអនាគត ដែលនឹងរួមចំណែកលើកកម្ពស់ការនាំចេញ​អង្ករកម្ពុជា​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

នៅក្នុងកម្មវិធីនេះដែរ លោកឧកញ៉ាប្រធានសហព័ន្ធ ក៏បានទទួលនូវកិត្តិយស នូវលិខិតសរសើរ ពី លោក Fiona Ma អគ្គរតនាគា របស់រដ្ឋ California ( California State Treasurer) និងកុងស៊ុល កិត្តិយសរបស់កម្ពុជា​ប្រចាំក្រុង ឡុងប៊ិច អំពីការរៀបចាំដឹកនាំសមាជិក លើការបង្កើតព្រឹត្តិការជំនួប និងផ្គូផ្គងពាណិជ្ជកម្មនេះផងដែរ៕