ការប្រកួតបាល់ទាត់ពិភពលោក World Cup លើកចុងក្រោយរបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ទំនងជាត្រូវបញ្ចប់ហើយ បន្ទាប់ពីត្រូវបានក្រុមជម្រើសជាតិអេស្ប៉ាញទម្លាក់ចេញ ដោយលទ្ធផល ១-០ នៅចុងម៉ោងទៅហើយ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Ronaldo នៅតែអាចអះអាងថាលោកហាក់មិនទាន់ធ្វើការសម្រេចចិត្តលឿនពេកនោះទេ ជុំវិញអនាគតរបស់ខ្លួន នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ បើទោះបីជាបច្ចុប្បន្ននេះ លោកមានវ័យ ៤១ឆ្នាំទៅហើយក្តី។
យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រកួតយប់មិញ Ronaldo បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖” ខ្ញុំមានការសោកសៅដែលត្រូវចាកចេញពី World Cup នៅត្រឹមវគ្គនេះ។ ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងអស់ហើយ ប៉ុន្តែខ្ញុំចាកចេញនេះ ដោយមានមនសិការច្បាស់លាស់”។
ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Al Nassr រូបេនះ បានបន្ថែមទៀតថា ៖” វាជា World Cup ចុងក្រោយរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងមានពេលវេលាសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្ញុំបន្ថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនទាន់ធ្វើការសម្រេចចិត្តដោយប្រញាប់ប្រញាល់ណាមួយនោះឡើយ”។
គួរជម្រាបជូនថា ពេលវេលារបស់ Ronaldo ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ទំនងជាត្រូវអស់ហើយ ខណៈរូបលោក អាចនឹងងាកមកផ្តោតលើការលេងឲ្យក្លិបអាជីវកម្ម និងមុខជំនួញរបស់ខ្លួនបន្ថែមទៀត។ កាលពីពេលថ្មីៗកន្លងទៅទស្សនាវដ្តី Forbes ទើបតែបានចាត់ថ្នាក់ Ronaldo ថាជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបំផុតលើលោក ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ១ពាន់លានដុល្លារ៕

