មហាសេដ្ឋីបាល់ទាត់ Cristiano Ronaldo ពោលពាក្យប៉ុន្មានម៉ាត់នេះ ក្រោយអស់ភារកិច្ចនៅ World Cup

អន្តរជាតិ

ការប្រកួតបាល់ទាត់ពិភពលោក World Cup លើកចុងក្រោយរបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ទំនងជាត្រូវបញ្ចប់ហើយ បន្ទាប់ពីត្រូវបានក្រុមជម្រើសជាតិអេស្ប៉ាញទម្លាក់ចេញ ដោយលទ្ធផល ១-០ នៅចុងម៉ោងទៅហើយ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Ronaldo នៅតែអាចអះអាងថាលោកហាក់មិនទាន់ធ្វើការសម្រេចចិត្តលឿនពេកនោះទេ ជុំវិញអនាគតរបស់ខ្លួន នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ បើទោះបីជាបច្ចុប្បន្ននេះ លោកមានវ័យ ៤១ឆ្នាំទៅហើយក្តី។

យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រកួតយប់មិញ Ronaldo បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖” ខ្ញុំមានការសោកសៅដែលត្រូវចាកចេញពី World Cup នៅត្រឹមវគ្គនេះ។ ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងអស់ហើយ ប៉ុន្តែខ្ញុំចាកចេញនេះ ដោយមានមនសិការច្បាស់លាស់”។

ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Al Nassr រូបេនះ បានបន្ថែមទៀតថា ៖”​ វាជា World Cup ចុងក្រោយរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងមានពេលវេលាសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្ញុំបន្ថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនទាន់ធ្វើការសម្រេចចិត្តដោយប្រញាប់ប្រញាល់ណាមួយនោះឡើយ”។

គួរជម្រាបជូនថា ពេលវេលារបស់​ Ronaldo ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ទំនងជាត្រូវអស់ហើយ ខណៈរូបលោក អាចនឹងងាកមកផ្តោតលើការលេងឲ្យក្លិបអាជីវកម្ម និងមុខជំនួញរបស់ខ្លួនបន្ថែមទៀត។ កាលពីពេលថ្មីៗកន្លងទៅទស្សនាវដ្តី Forbes ទើបតែបានចាត់ថ្នាក់ Ronaldo ថាជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបំផុតលើលោក ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ១ពាន់លានដុល្លារ៕​