ឧកញ៉ា ណូ សុភា ប្ដេជ្ញាចិត្តបន្តជួយដល់វិស័យអប់រំតាមសមត្ថភាព ដើម្បីពន្លឺអនាគតរបស់កុមារ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបង្ហាញពីទឹកចិត្តសប្បុរសធម៌ដ៏ធំធេង និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសការផ្ដល់ឱកាសសិក្សាដល់កុមារនៅតាមតំបន់នានា។ លោកស្រីឧកញ៉ាបានបញ្ជាក់ថា រូបលោកស្រី និងក្រុមគ្រួសារ តែងតែយកចិត្តទុកដាក់ខ្ពស់ និងបន្តចូលរួមគាំទ្រដល់វិស័យអប់រំ និងកុមារជាបន្តបន្ទាប់ ដោយចាត់ទុកកិច្ចការនេះជាបេសកកម្មមិនអាចខ្វះបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងលើបណ្តាញសង្គម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោកស្រីឧកញ៉ា បានបញ្ជាក់ឆ្លើយតបនឹងខ្លឹមសារគណនីហ្វេសប៊ុកមួយសរសេរបង្ហោះថា «ចង់អោយលោកជំទាវSophea Böttcher ដែលជាសប្បុរសជនលំដាប់ ពិភពលោក ដែលលោកជំទាវ តែងតែបានជួយទៅដល់ជនក្រីក្រនៅកម្ពុជា ក្រឡេកមកជួយដល់ការអប់រំរបស់កុមារនៅកម្ពុជាវិញ ត្បិតបើយើងជួយ ទៅដល់ប្រជាជនក្រីក្រ យើងនឹងមិនអាចជួយអស់មួយប្រទេសនោះទេ ហើយ យើងជួយពួកគាត់បានតែមួយគ្រាប៉ុននោះ តែប្រសិនបើលោកជំទាវជួយដល់ ការអប់រំរបស់កុមារនៅកម្ពុជាដែលកំពុងត្រូវការជំនួយ វាគឺជាការកសាងអនាគត វែងឆ្ងាយសំរាប់ប្រទេសកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូលទៅថ្ងៃមុខ»។

លោកស្រីឧកញ៉ បានឆ្លើយតបបែបនេះថា «ផ្នែកវិស័យអប់រំ និងកុមារ នាងខ្ញុំ និងក្រុមគ្រួសារ តែងតែយកចិត្តទុកដាក់ និងបន្តចូលរួមគាំទ្រជាបន្តបន្ទាប់។ កន្លងមកបានជួយសាងសង់ និងគាំទ្រសាលារៀនជាច្រើនកន្លែង ហើយបច្ចុប្បន្នក៏កំពុងដំណើរការសាងសង់ និងគាំទ្រគម្រោងសាលារៀននៅតាមតំបន់ផ្សេងៗជាបន្តបន្ទាប់ផងដែរ។

ដោយសារគម្រោងមានច្រើន និងស្ថិតក្នុងដំណាក់កាលអនុវត្តផ្សេងៗគ្នា មិនទាន់អាចបញ្ចប់បានគ្រប់ទីកន្លែងនៅឡើយទេ។ នាងខ្ញុំនឹងបន្តជួយទៅតាមសមត្ថភាព ដើម្បីឱ្យកុមារកាន់តែច្រើនមានឱកាសទទួលបានការអប់រំល្អ និងមានអនាគតភ្លឺស្វាង។»

សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹង​សុខទុក្ខ​ប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗ​មួយ​ចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕