អភិបាលខេត្ដកំពត៖ ពលរដ្ឋជាង ៤០០នាក់ដែលទិញតូបផ្សារបឹងនិមលពីក្រុមហ៊ុន ជា សារ៉ន នឹងទទួលបានតូបជាកម្មសិទ្ធិ

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ពលរដ្ឋដែលបានទិញតូបផ្សារបឹងនិមល នៅក្នុងឃុំបឹងនិមល ស្រុកឈូក ចំនួន ៤៤៨នាក់ នឹងទទួលបានតូបជាកម្មសិទ្ធិសម្រាប់ធ្វើការលក់ដូរ ដែលផ្សារនេះអាជ្ញាធរខេត្តនឹងរៀបចំប្រព័ន្ធទឹក ភ្លើង ឱ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ដើម្បីបើកដំណើរការលក់ដូរជាផ្សារបោះដុំ លក់ផលិតផលរបស់ប្រជាកសិករក្នុងតំបន់ ពិសេសផលិតផល ភូមិ១ ផលិតផល១ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ៅ ធនិន ថ្លែងបែបនេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋដែលបានទិញតូបផ្សារបឹងនិមល របស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណផ្សារបឹងនិមល។

លោក ម៉ៅ ធនិន សង្កត់ធ្ងន់ថា លទ្ធផលដែលទទួលបាននាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលសម្តេចមិនដែលទុកឱ្យពលរដ្ឋខ្លួនរងភាពអយុត្តិធម៌ពីសំណាក់ជនទុច្ចរិតមួយចំនួនតូច ឬទុកពលរដ្ឋរងគ្រោះចោលដោយមិនមានការគិតគូរនោះទេ។

សូមជម្រាបជូនថា ក្រោមការចង្អុលបង្ហាញដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរខេត្តកំពត សាលាដំបូងខេត្តកំពត រួមនឹងមន្ទីរជំនាញបានដាក់ចេញនូវយន្តការក្នុងការដោះស្រាយករណីពលរដ្ឋដែលបានទិញដីឡូត៍ ផ្ទះ និងតូបផ្សារពីក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជូនពលរដ្ឋ ដែលគិតមកទល់ពេលនេះមានពលរដ្ឋប្រមាណជាង ៥ពាន់នាក់ បានដាក់ពាក្យស្នើសុំ ហើយប្រជាពលរដ្ឋប្រមាណជិត ៥ពាន់នាក់ទទួលបានការដោះស្រាយ៕