បណ្ដាក្រុមហ៊ុនអាម៉េរិក ប្ដេជ្ញា​ស្វែងរកឱកាស និង​ពង្រីកការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC)  ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញាថា នឹង​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា (USABC) នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ក្នុងឱកាសនៃជំនួប, គណៈប្រតិភូ USABC​បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង, ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតនៅលើមាគ៌ា​ និង ទិសដៅយ៉ាងត្រឹមត្រូវ។ គណៈប្រតិភូ USABC បានបង្ហាញបំណងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ គណៈប្រតិភូ USABC ក៏បញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងមានវត្តមាននៅកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង, ពង្រីកការវិនិយោគ និង ស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត​ នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។ សម្ដេចក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា របស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។សម្ដេច បានជំរុញ USABC បន្តផ្សារភ្ជាប់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។


សូមជម្រាប់ដែរថា គណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល​ រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ, លក់រាយ, ក៏ដូចជា ធនាគារ និងហិរញ្ញវត្ថុ។បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត​ ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា​ ព្រមទាំងវិស័យ SMEs ផងដែរ៕ អត្ថបទ៖ហ្សាលីន