នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ នឹងដឹកនាំសហការី ព្រមទាំងក្រុមនិស្សិតស្ម័គ្រចិត្តនៃក្លឹបសារព័ត៌មានធុរកិច្ចខេមអេដ (CamEd Business Journalism Club) ធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ក្នុងបេសកកម្មមនុស្សធម៌ដ៏ធំមួយ ដើម្បីនាំយកសម្ភារៈសិក្សា និងស្បៀងអាហារ ដែលទទួលបានពីសប្បុរសជន ចូលរួមយកទៅចែកជូនដល់សិស្សានុសិស្សកំព្រា និងខ្វះខាតជីវភាព សរុបចំនួន ១៣២នាក់ ដែលកំពុងជ្រកកោន និងសិក្សា នៅសាលារៀនភូមិវាលរុនតាឯក ស្ថិតនៅ ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

អំណោយដែលក្រុមការងារស្ម័គ្រចិត្តនៃ មូលនិធិអប់រំកុមារ និងនិស្សិតវិទ្យាស្ថានខេមអេដ ត្រៀមយកទៅចែកជូនដល់សិស្សានុសិស្សកំព្រា និងខ្វះខាតជីវភាព នៅថ្ងៃទី១០ ខែកក្កដានេះ មានដូចជា៖ អង្ករផ្កាម្លិះ ចំនួន ៥បេ, កាតាបចំនួន ១៣២, សៀវភៅ ២៦៤ដើម, ប៊ិក ១៣២, បន្ទាត់ ១៣២, ខ្មៅដែ ១៣២, ជ័រលុប ១៣២ និងដៃឃួងចំនួន ១៣២។

តាមរបាយការណ៍ ចំនួនសិស្សពីសាលាភូមិវាលរុនតាឯក មានសិស្សអាយុចាប់ពី ៦ឆ្នាំដល់ ១០ឆ្នាំ ចំនួន ៨៧នាក់, អាយុចាប់ពី១១ឆ្នាំ ដល់១២ឆ្នាំ ចំនួន ៣០នាក់, អាយុចាប់ពី ១៣ឆ្នាំដល់ ១៤ឆ្នាំ ចំនួន ១៥នាក់ សរុបចំនួនសិស្សទាំងអស់ ចំនួន ១៣២នាក់។
សូមជម្រាបថា សាលារៀន ភូមិវាលរុនតាឯក មិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជា «មជ្ឈមណ្ឌលអប់រំ និងមណ្ឌលថែទាំកុមារ» ដ៏មានសារៈសំខាន់ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ ដោយក្រុមអ្នកស្ម័គ្រចិត្តជាគ្រូបង្រៀន។

បច្ចុប្បន្ន «មជ្ឈមណ្ឌលអប់រំ និងមណ្ឌលថែទាំកុមារ» បានក្លាយជាជម្រកដ៏កក់ក្តៅតែមួយគត់ សម្រាប់កុមារកំព្រា និងកុមារក្រីក្រចំនួន ១៣២នាក់ ដែលខ្វះលទ្ធភាព ឱ្យទទួលបានការសិស្សាអប់រំ។ លើសពីការបង្រៀនអក្សរ មណ្ឌលនេះ ក៏កំពុងធានារ៉ាប់រងទាំងស្រុង លើការផ្តល់កន្លែងស្នាក់នៅ និងរបបអាហារបីពេលជារៀងរាល់ថ្ងៃ ក្រោមការមើលថែ និងចម្អិនអាហារយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្គោល អ្នកថែទាំ និងចុងភៅ ដែលធ្វើការដោយបេះដូងសប្បុរសធម៌យ៉ាងពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ ហៅកាត់ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមដំបូងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធាន និងលោក យិន សំបូរ និពន្ធនាយកសារព័ត៌មាន ឧកញ៉ាញ៉ូស៍ ជាអនុប្រធាន មូលនិធិ។
បេសកកម្មរបស់ មូលនិធិអប់រំកុមារ គឺកៀរគរថវិកា ជំនួយសប្បុរសធម៌នានា ជាពិសេសសម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា។ ទស្សនៈវិស្ស័យរបស់ មូលនិធិអប់រំកុមារ គឺជួយគាំទ្រ និងលើកទឹកចិត្ត ក្មួយៗសិស្សានុសិស្សដែលខ្វះខាតក្នុងជីវភាព កុំឱ្យពួកគាត់បោះបង់ការសិក្សា ក៏ដូចជា ខ្នះខ្នែងបន្តស្វែករកអាហារូបករណ៍តាមសកលវិទ្យាល័យជូនពួកគាត់ ថែមទៀតផង៕








