មកដឹងពីប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងឆ្នាំ២០២៦នេះ

សង្គម​ និង​សេដ្ឋកិច្ច

ថវិកាសង្ខេប ឆ្នាំ២០២៦ បានឱ្យដឹងថា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលគ្រោងចំណាយលើបន្ទុកបុគ្គលិក ចំនួន ១០ ៧១៧ ប៊ីលានរៀល ទៅលើ បៀវត្ស និងការដំឡើងឋានន្តរសក្តិ និងថ្នាក់ប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនេះ សម្រាប់បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធ ក្នុងឆ្នាំ ២០២៦៖

សម្រាប់បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅ ស្មើនឹង ១ ៣៩៦ ៩៥០ រៀល

បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ ស្មើនឹង ១ ៤៩៦ ៩៥០ រៀល

បៀវត្សនគរបាលជាតិ (ពលបាលត្រី) ស្មើនឹង ១ ៤៨៣ ៩២៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)

បៀវត្សយោធិន (ពលទោ) ស្មើនឹង ១ ៣៤៦ ៥៥០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ស្មើនឹង ១ ៤១៩ ៦៧៥ រៀល។

ដោយឡែកសម្រាប់ឆ្នាំ ២០២៦ មន្ត្រីជាប់កិច្ចសន្យាទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧៩០ ០០០ រៀល។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះផងដែរ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ១៤០ ប៊ីលានរៀល សមមូល នឹងប្រមាណ ៣៥ លានដុល្លារអាម៉េរិក ដោយឡែកផ្សេងទៀត សម្រាប់បន្តអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងនោះសម្រាប់គាំទ្រប្រព័ន្ធលើកទឹកចិត្តផ្នែកសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ នៅតាមក្រសួង ស្ថាប័នចំនួន ៦០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១៥ លានដុល្លារអាម៉េរិក។

ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន ៨៦,២ ប៊ីលានរៀល ក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល សម្រាប់ការថែទាំសុខភាពមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងនិវត្តជន ព្រមទាំងបានគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល សម្រាប់បន្តគាំទ្ររបបសន្តិសុខសង្គម ផ្នែកហានិភ័យការងាររបស់មន្ត្រីសាធារណៈផងដែរ៕