ខេត្តស្ទឹងត្រែង ទាកទាញបានគម្រោងវិនិយោគ ៩គម្រោង ដោយផ្តោតវិនិយោគលើវិស័យសំខាន់ចំនួន ៤

សង្គម​ និង​សេដ្ឋកិច្ច

នាពេលបច្ចុប្បន្ននេះ  ខេត្តស្ទឹងត្រែង បានទាក់ទាញគម្រោងវិនិយោគផ្នែក​ឯកជនដោយមានក្រុមហ៊ុនទទួល​បាន​គោលការណ៍ ៩គម្រោង ដោយផ្តោតសំខាន់លើវិស័យចំនួន៤ ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគ​ឦ​សាន​ប្រទេស​​កម្ពុជា នៅទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីនេះ បានឱ្យដឹងថា ខេត្តស្ទឹងមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំ​ប្រ​ទល់​ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និងប្រព័ន្ធជីវៈចម្រុះ។ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា​៦ក្រុង​ស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣​គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។

ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង៧៦ភាគរយ ពាណិជ្ជកម្ម៥ភាគរយ សិប្បកម្ម៤ភាគរយ ចិញ្ចឹមសត្វ៣ភាគរយ និងនេសាទ១ភាគរយ។ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨%។

ចំពោះការវិនិយោគវិញ ខេត្តស្ទឹងត្រែង បានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែក​ឯកជនក្នុង​ក្រប​ខ័ណ្ឌ​កម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួល​បាន​គោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹម​សត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជា​មួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ខេត្តនេះ ក៏បានចុះបញ្ជីគម្រោងវិនិយោគ មានទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះ​បញ្ជី​ចំនួន ៥គម្រោងវិនិយោគទៀតផងដែរ។

សូមជម្រាប់ដែរថា ខេត្តនេះ គឺមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និង​ស្ពាន​កោះទន្សាយសែនជ័យ ប្រវែង២៤០ម៉ែត្រ៕អត្ថបទ៖ហ្សាលីន