បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចបានលទ្ធផលជារួមប្រមាណ ៣៥% ហើយ។នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារនៅតាមការដ្ឋានប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងតាខ្មៅ កាលថ្ងៃទី៨ កក្កដា ឆ្នាំ២០២៦។

ក្នុងដំណើរបំពេញបេសកកម្មនេះក៏មានការអញ្ជើញចូលរួមពីប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីជំនាញ តំណាង EDCF ដែលអញ្ជើញមកពីប្រទេសកូរ៉េ ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS និងមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីចុះត្រួតពិនិត្យលទ្ធផលការងារតាមការដ្ឋាន និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅផែនការការងារបន្ត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ។

ក្រសួងសាធារណការធ្លាប់បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ៕អត្ថបទ៖ហ្សាលីន


