វិស័យភស្តុភារកម្ម គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាចំណុចស្នូលនៃភាពប្រកួតប្រជែង ដែលជួយរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥” ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្មកម្ពុជា កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឧបនាយករដ្ឋមន្រ្តីបន្តថា វិស័យភស្តុភារកម្ម គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាចំណុចស្នូលនៃភាពប្រកួតប្រជែង ក្នុងន័យនេះ លោក បានរំឮកដល់កិច្ចប្រជុំយុទ្ធសាស្ត្រនាពេលថ្មីៗកន្លងទៅ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្តោតការពិភាក្សាលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវ ការដឹកជញ្ជូននាំចេញ-នាំចូល និងប្រព័ន្ធភស្តុភារកម្មជាតិ។

បន្ថែមលើនេះ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ កម្ពុជាបាននិងកំពុងជម្រុញរបៀបវារៈសំខាន់ៗរួមមាន៖១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០)២. ការរៀបចំអភិវឌ្ឍប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង៣. វឌ្ឍនភាពនៃសេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម” រៀបចំតាក់តែងឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីការពង្រឹងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ដែលនឹងប្រព្រឹត្តទៅទីស្តីការ ក.អ.ក. នាពេលឆាប់ៗខាងមុខ រួមមាន៖១. កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC)២. កិច្ចប្រជុំកំពូលប្រទេសដែលនិយាយភាសាបារាំង និងព្រឹត្តិការណ៍ធុរកិច្ចអមនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង៣. ការផ្សាយផ្ទាល់ ជាសកលរបស់ស្ថាប័នព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ចេញពីទីស្តីការ ក.អ.ក. ផ្ទាល់តែម្តង នៅចុងខែកក្កដានេះ៕ អត្ថបទ៖ហ្សាលីន

