ត្រឹមដើមខែកក្កដា៖ ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សង់សម្រេចបាន ៧៩% ហើយ

សង្គម​ និង​សេដ្ឋកិច្ច

បើគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ ការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩ % ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោក សួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ សម្រេចបាន ៧៩ % ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

វឌ្ឍនភាពគម្រោងដែលសម្រេចបានរួមមាន ៖ ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤).រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤% និង ៥).បណ្តាញផ្លូវសម្រេចបាន ៥១% (ផ្លូវតភ្ជាប់ ប្រវែង ៨០៤,៣០ម សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។

បា​ឱកាសនោះ លោករដ្ឋលេខាធិការ សួង ហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបាន និងកំពុងដំណើរការដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភណ័្ឌភាព។ លោកក៏ណែនាំ ឱ្យអង្គភាពគ្រប់គ្រងគម្រោង បន្តពង្រឹងសុវត្ថិភាពការងារ បន្ថែមទៀតដោយសាររដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក និងបានណែនាំឱ្យពិនិត្យបន្ថែមផ្ទៃលើនៃកម្រាលផ្លូវបេតុងទាំងអស់ និងសិក្សាបន្ថែមអំពីប្រព័ន្ធភ្លើងបំភ្លឺឱ្យមានពន្លឺគ្រប់គ្រាន់ រួមទាំងសិក្សារៀបចំសួនលើរង្វង់មូលសងខាង និងលើស្ពាន ដើម្បីបង្កើនសោភណ័ភាពឱ្យកាន់តែស្រស់ស្អាតថែមទៀត។

សូមបញ្ជាក់ជូនថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕ អត្ថបទ៖ហ្សាលីន