តម្លៃមាសអន្តរជាតិ បន្តធ្លាក់ចុះបន្ថែមទៀត ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងសារជាថ្មី

អន្តរជាតិ

តម្លៃមាសក្នុងមួយអោន បានធ្លាក់ចុះអស់ជាង ៥០ដុល្លារ គិតនៅត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងតែកើនឡើងកម្តៅសារជាថ្មី ក្រោយសហរដ្ឋអាមេរិក បើកការវាយប្រហារទៅលើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើការជួញដូរនៅថ្ងៃទី១៣ ខែកក្កដា តម្លៃមាសនៅក្នុងទីផ្សារពិភពលោក បានធ្លាក់ចុះ ៥១ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ០៦៧ដុល្លារក្នុងមួយអោន។ ការធ្លាក់ចុះនៃទីផ្សារមាសនេះ បានកើតឡើង នៅពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាបានឡើងកម្តៅម្តងទៀតនៅចុងសប្តាហ៍មុន ដែលបង្កើនហានិភ័យនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ដើម្បីទប់ស្កាត់អតិផរណា។

គួរជម្រាបជូនផងដែរថា សម្រាប់ពាណិជ្ជករមាស ភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាបានបង្កើនការព្រួយបារម្ភថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលបន្តកើតមាន។ កំណត់ហេតុនៃកិច្ចប្រជុំខែមិថុនា ក៏បានបង្ហាញផងដែរថា មន្ត្រី Fed មួយចំនួនចង់ដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ៕