ទ្រព្យសម្បត្តិសរុបរបស់របស់មហាសេដ្ឋីកំពូលៗទាំង៧ របស់វៀតណាម បានធ្លាក់ចុះអស់ ៣,១ពាន់លានដុល្លារ បន្ទាប់ពីការជួញដូរភាគហ៊ុន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សន្ទស្សន៍ហ៊ុន VN-Index ស្តង់ដារ បានធ្លាក់ចុះ ៦២ ពិន្ទុ ឬ ៣,៦% នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃពុធទី២២ ដែលជាកម្រិតដ៏ទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលបួនខែចុងក្រោយ។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup ដែលជាសម្ព័ន្ធក្រុមហ៊ុនរបស់មហាសេដ្ឋីមានបំផុតរបស់វៀតណាម លោក Pham Nhat Vuong បានធ្លាក់ចុះដល់ ៧% ។ ជាលទ្ធផល ទ្រព្យសម្បត្តិរបស់លោក Vuong បានធ្លាក់ចុះ ២,៤ពាន់លានដុល្លារ មកនៅត្រឹម ៣១,៦ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ សមាជិកពីរនាក់នៃគ្រួសាររបស់លោក គឺលោកស្រី Pham Thu Huong និងលោកស្រី Pham Thuy Hang ក៏បានមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ចុះចំនួន ៣០៤លានដុល្លារ និង ២១៣លានដុល្លាររៀងៗខ្លួនផងដែរ។
ដោយឡែក លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានខាតបង់ទឹកប្រាក់ចំនួន ១៦៣លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍របស់លោកស្រីធ្លាក់ចុះអស់ ៣,៧%។
លោក Ho Hung Anh ប្រធានធនាគារ Techcombank ក៏បានទទួលរងផលប៉ះពាល់ផងដែរ ដោយខាតបង់លុយចំនួន ៥០លានដុល្លារ ខណៈទ្រព្យសម្បត្តិសរុបរបស់លោក Ngo Chi Dung ប្រធានធនាគារ VPBank និងលោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែកថែប Hoa Phat Group បានឃើញពីការធ្លាក់ចុះតិចតួចជាង។
គួរជម្រាបជូនផងដែរថា ពីមុនប្រទេសវៀតណាមមានមហាសេដ្ឋីទីប្រាំបី គឺលោក Nguyen Dang Quang ប្រធានក្រុមហ៊ុន Masan Group ប៉ុន្តែរូបលោកបានចាកចេញពីបញ្ជី នៅដើមខែនេះ ដោយសារភាគហ៊ុនក្រុមហ៊ុនរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំង៕

