វៀតណាម ចាយលុយជិត ២ពាន់លានដុល្លារ ទិញចូលប្រេងឥន្ធន: ត្រឹម ២ខែដំបូងឆ្នាំនេះ

អន្តរជាតិ

ថ្មីនេះ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) បានបង្ហាញឱ្យដឹងថា ការនាំចូលប្រេងឥន្ធន: និងប្រេងសាំងរបស់វៀតណាម បានកើនឡើងយ៉ាងខ្លាំង ក្នុងរយ:ពេល​ ២ ខែដំបូង នៃឆ្នាំ ២០២៣ នេះ ដោយបានឈានដល់ ១,៧ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៥៦,៣% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន ។ នេះបើតាមការចេញផ្សារដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ យោងតាមក្រុមហ៊ុនប្រេងជាតិវៀតណាម (Petrolimex) បានអះអាងទៀតថា គិតចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ២១ ខែកុម្ភ: ក្រុមហ៊ុនរបស់ខ្លួន បាននាំចូលប្រេងឥន្ធន:សរុបចំនួន ១៦៨ ៥៩៦ ម៉ែត្រគូប ខណ:ប្រេងសាំងចំនួន ១៦២ ៣០៨ ម៉ែត្រគូប និងប្រេងម៉ាស៊ូតចំនួន ២៤ ៩៣១ ម៉ែត្រគូប ដើម្បីមកផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ។

ក្រៅពីការនាំចូល ក្រុមហ៊ុន Petrolimex ក៏បានធ្វើការទិញចូលប្រេងសាំង ២៨៤ ៣៦៩ ម៉ែត្រគូប , ប្រេងម៉ាស៊ូត ២៤៥ ៦១៩ ម៉ែត្រគូប និងប្រេងកាត ១ ៩៥១ ម៉ែត្រគូប ពីរោងចក្រចម្រាញ់ប្រេង នៅក្នុងស្រុកផងដែរ ។

ជម្រាបជូនឱ្យដឹងផងដែរថា ដោយផ្អែកទៅលើការព្យាករតម្រូវការនៅក្នុងស្រុក ក្នុងឆ្នាំ ២០២៣ នេះ ក្រសួងបានធ្វើការបែងចែកកូតានាំចូលប្រេងសាំង និងប្រេងម៉ាស៊ូត ដល់អាជីវកម្មចំនួន ២៧,៣៤ លានម៉ែត្រគូប/តោន ពោលគឺបានកើនឡើង ១៥% បើធៀបទៅនឹងឆ្នាំមុន ដើម្បីធានាដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ៕