មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ និយាយថាច្រកសមុទ្រ Hormuz គឺសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែរទៀត

អន្តរជាតិ

ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់បានអះអាងថា ច្រកសមុទ្រ Hormuz គឺជាកំផែងយុទ្ធសាស្រ្ត និងមានសារៈសំខាន់ជាងគ្រប់បែកនុយក្លេអ៊េររាប់សិបគ្រាប់ទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mohsen Rezaee ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី១៣ កក្កដាថាបានឆ្លងកាត់ខ្សែបន្ទាត់ក្រហម ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាជាទីបំផុត

មន្ត្រីអ៊ីរ៉ង់ដដែលនេះ បាននិយាយទៀតថា ៖” យើងនឹងការពារច្រកសមុទ្រ Hormuz ពីព្រោះផ្លូវដឹកជញ្ជូនជាយុទ្ធសាស្ត្រនេះ គឺជាសសរស្តម្ភមួយនៃការការពាររបស់អ៊ីរ៉ង់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសជាតិ។ ច្រកសមុទ្រ Hormuz គឺមានសារៈសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ទៅទៀត”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសបិទច្រកសមុទ្រ Hormuz សារជាថ្មី ដោយសារតែអស្ថិរភាពដែលបណ្តាលមកពីសកម្មភាពរបស់កងកម្លាំងខាងក្រៅ។ IRGC បាននិយាយថា ការសម្រេចចិត្តនេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែម និងព្រមានឲ្យសហរដ្ឋអាមេរិក ធ្វើការបញ្ឈប់ការជ្រៀតជ្រែករបស់ពួកគេនៅក្នុងតំបន់នេះ។

គួរជម្រាបជូនផងដែរថា ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងកើនឡើងកម្តៅសារជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសលើកទីបីរបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីបានចោទប្រកាន់ប្រទេសនេះថាបានវាយប្រហារកប៉ាល់ដឹកទំនិញ GFS Galaxy ដែលមានដោតទង់ជាតិរបស់ប្រទេសស៊ីប នៅពេលព្យាយាមឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាហេតុធ្វើឲ្យមានការសងសឹកយ៉ាងខ្លាំងក្លាវិញពីសំណាក់ទីក្រុងតេអេរ៉ង់៕​