នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ វីង និងសមាគមសិល្បករខ្មែរ បានរៀបចំ«ពិធីប្រគល់-ទទួលថវិកា ជូនសមាគមសិល្បករខ្មែរ» ជាផ្លូវការ ចំនួន ៥០ ម៉ឺនដុល្លារ ដែលនេះគឺជាជំហានដ៏មានអត្ថន័យមួយក្នុងការរួមចំណែកថែរក្សាមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនខ្មែរគ្រប់ជំនាន់។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា តាមរយៈពិធីនេះ ធនាគារ វីង បានប្តេជ្ញាឧបត្ថម្ភថវិកាសរុបចំនួន ១០ ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំជាប់គ្នា ដែលសរុបជាទឹកប្រាក់ទាំងអស់គឺ ៥០ ម៉ឺនដុល្លារអាមេរិក។ ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីជួយជ្រោមជ្រែងដល់សុខុមាលភាពសិល្បករ បណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ និងបង្កើតឱកាសថ្មីៗ ដើម្បីនាំយកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។
តាំងពីយូរលង់ណាស់មកហើយ សិល្បៈខ្មែរតែងតែជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ គុណតម្លៃ និងដួងព្រលឹងរបស់ជាតិយើង ដែលតែងតែបណ្តុះនូវមោទនភាព និងជួយឱ្យមរតកវប្បធម៌នេះស្ថិតស្ថេររហូតមក។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក នៃធនាគារ វីង បានលើកឡើងថា៖ “សិល្បៈខ្មែរគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិកម្ពុជា។ យើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកជាមួយសមាគមសិល្បករខ្មែរ ក្នុងការបណ្តុះបណ្តាលធនធានសិល្បករខ្មែរយើង និងថែរក្សាសិល្បៈខ្មែរឱ្យនៅរស់រវើក។ ជាមួយគ្នានេះ យើងខ្ញុំក៏សូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវប្បធម៌ជាតិ និងគាំទ្រដល់សិល្បករដែលជាអ្នកថែរក្សាមរតកនេះដោយផ្ទាល់។”
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា៖ “ការគាំទ្រពីធនាគារ វីង នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ជួយឱ្យសមាគមសិល្បករខ្មែរអាចបន្តបេសកកម្មជ្រោមជ្រែងសិល្បករយើង ជួយបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ និងបង្កើតឱកាសកាន់តែច្រើន ដើម្បីឱ្យសិល្បៈខ្មែរអាចលេចត្រដែតឡើង និងទទួលបានការឱ្យតម្លៃកាន់តែខ្លាំងពីសំណាក់សាធារណជនគ្រប់ទិសទី។”
ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង បន្តគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានា ដែលរួមចំណែកដល់ការពង្រឹងសហគមន៍ និងថែរក្សាមរតកវប្បធម៌ជាតិ។ ការរួមចំណែកនាពេលនេះ គឺជាសក្ខីភាពនៃការបន្តភាពជាដៃគូដ៏រឹងមាំជាមួយសមាគមសិល្បករខ្មែរ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើតផលវិជ្ជមានជូនសង្គមជាតិ និងការជ្រោមជ្រែងដល់សហគមន៍កម្ពុជាឱ្យកាន់តែរីកចម្រើន។









រូបភាព៖ សមាគមសិល្បករខ្មែរ

