លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាថា សហរដ្ឋអាមេរិកមានគម្រោងដាក់ពន្ធ ២៥% លើការនាំចូលទំនិញមួយចំនួនពីប្រទេសប្រេស៊ីល ក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញសកម្មភាពចុងក្រោយនេះ ត្រូវធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំ ដែលបានសន្និដ្ឋានថា គោលនយោបាយរបស់ប្រេស៊ីលលើពាណិជ្ជកម្មឌីជីថល ពន្ធ កម្មសិទ្ធិបញ្ញា ការចូលប្រើប្រាស់អេតាណុល និងការកាប់បំផ្លាញព្រៃឈើ គឺជាការដាក់បន្ទុកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ប្រេស៊ីលកំពុងត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញ ពាក់ពន្ធទៅនឹងការដាក់ទណ្ឌកម្ម ២៥% លើការនាំចូលទំនិញរបស់ខ្លួននេះ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ ប៉ុន្តែមិនទទួលបានផល។
មិនតែប៉ុណ្ណោះ លោក Greer បាននិយាយថាសកម្មភាពនៃការដាក់ពន្ធគយចុងក្រោយនេះ គឺមានភាពចាំបាច់ ដើម្បីដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដើម្បីបានធានាថា កម្មករ និងក្រុមហ៊ុនអាមេរិកអាចប្រកួតប្រជែងដោយស្មើភាពគ្នា។
គួរជម្រាបជូនថា ប្រេស៊ីលនឹងក្លាយជាប្រទេសដំបូងគេដែលត្រូវបានកំណត់គោលដៅក្រោមយុទ្ធសាស្ត្រពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលពឹងផ្អែកលើមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងជាបទប្បញ្ញត្តិដែលអនុញ្ញាតឲ្យមានការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌៕

