ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក ពៅ គឹមថង

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក ពៅ គឹមថង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានគោរមងារឧកញ៉ា នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ ឧកញ៉ា ពៅ គឹមថង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បែបនេះថា៖ “ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បពិត្រ ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏​ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានដ៏ឧត្តុង្គឧត្តម ត្រាស់បង្គាប់ ផ្តល់គោរមងារ ដល់ទូលព្រះបង្គំជាខ្ញុំ ពៅ គឹមថង ជា “ឧកញ៉ា” យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២៦/៧០៤ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ (តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា)។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់ព្រះគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុ​យឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាប តរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះ និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ។ ក្រាបបង្គំទូលថ្វាយដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត”។

តាមរយៈប្រភពព័ត៌មានដែលទទួលបាន បច្ចុប្បន្ន ឧកញ៉ា ពៅ គឹមថង គឺជាសហស្ថាបនិក និងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន អោកធូសា អឌីត & អាសូរេន ឯ.ក (AUCTUSA AUDIT & ASSURANCE CO., LTD.) និងជាអតីតសហស្ថាបនិក នៃក្រុមហ៊ុន អលលីណឺស ថាក់ & ប៊ីស៊ីនីស ខន់សាល់ថេន ឯ.ក (ALLINUS TAX & BUSINESS CONSULTANT CO., LTD.) ដែលផ្តោតលើការផ្តល់សេវាកម្មនានា ដើម្បីគាំទ្រដល់ សហគ្រាសធនតូចនិងមធ្យម អាជីវកម្មគ្រប់ប្រភេទ និងការវិនិយោគនានា មានជាអាទិ៍៖ សេវាកម្មគណនេយ្យ ពន្ធដារ សវនកម្ម និងប្រឹក្សាយោបល់ ជាដើម។ ក្រៅពីនោះ ឧកញ៉ា ពៅ គឹមថង ក៏កំពុងកាន់កាប់អាជីវកម្មផ្សេងៗទៀត ដូចជា សេវាកម្មដឹកជញ្ជូន ជួលគ្រឿងចក្រ ជួលរថយន្ត និងសេវាកម្មអចលនទ្រព្យផងដែរ។

មុនឈានជើងចូលកាត់កាប់មុខជំនួញខាងលើ ឧកញ៉ា ពៅ គឹមថង ធ្លាប់មានប្រវត្តិជាអ្នកខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដោយទទួលបានអាហារូបករណ៍ ទាំងនៅក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់។ ឧកញ៉ា ពៅ គឹមថង ជាអតីតនិស្សិតថ្នាក់អនុបណ្ឌិត ជំនាញនីតិពាណិជ្ជកម្ម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង, ថ្នាក់អនុបណ្ឌិតជំនាញពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ Seoul National University (SNU) កូរ៉េខាងត្បូង, ថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), ថ្នាក់បរិញ្ញាបត្រជំនាញភាសារអង់គ្លេស នៅសាកលវិទ្យាល័យមេគង្គកម្ពុជា (CMU), វគ្គគោលនយោបាយនិងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោមកម្មវិធី Australia Awards Fellowship នៅប្រទេសអូស្ត្រាលី, និងថ្នាក់ភាសាកូរ៉េ នៅសាកលវិទ្យាល័យ Keimyung University កូរ៉េខាងត្បូង ជាដើម។

ក្រៅពីនោះ ឧកញ៉ា ពៅ គឹមថង ក៏បានសិក្សា និងប្រឡងជាប់ វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជើងសាគយ (Customs Broker) នៅសាលាជាតិគយ, និងវគ្គភ្នាក់ងារអចលនវត្ថុ (Real Estate Agent) នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF) ដែលទទួលស្គាល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។