អាវដែលស្តេចបាល់ទាត់ Pele ពាក់លេងក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ឆ្នាំ១៩៥៨ ត្រូវបានដាក់លក់នៅក្នុងតម្លៃ ៤,៩លានដុល្លារ នៅឯការដេញថ្លៃមួយ ដោយក្រុមហ៊ុន Sotheby ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
![]()
បន្ទាប់ពីការដេញថ្លៃចំនួន ១០ លើក ពីអ្នកចូលរួម ៥ នាក់ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អាវរបស់ Pele ត្រូវបានលក់ទៅឱ្យអ្នកទិញដែលជាជនអនាមិកម្នាក់ នៅក្នុងតម្លៃចុងក្រោយជិត ៥លានដុល្លារ ដែលបានក្លាយជាអាវថ្លៃបំផុតទីពីរ មិនធ្លាប់មាននៅក្នុងការដេញថ្លៃទូទាំងពិភពលោក។ ឆ្នាំ១៩៥៨ គឺជាឆ្នាំដែលប្រេស៊ីលបានឈ្នះ World Cup ជាលើកដំបូង។
នៅពេលនោះ Pele មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ ហើយបានស៊ុតបញ្ចូលទីបានពីរគ្រាប់ ក្នុងជ័យជម្នះ ៥-២ របស់ប្រេស៊ីលលើប្រទេសម្ចាស់ផ្ទះស៊ុយអែតក្នុងវគ្គផ្តាច់ព្រ័ត្រ។ នៅមុននោះ ប្រេស៊ីលក៏បានយកឈ្នះក្រុមជម្រើសជាតិបារាំងដោយលទ្ធផល ៥-២ ដូចគ្នាផងដែរ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរឲ្យដឹងថា អាវពណ៌ខៀវដែល Pele ពាក់ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៥៨ ក្រោយមកត្រូវបានផ្តល់ឱ្យមិត្តរួមក្រុម និងមិត្តភក្តិរបស់លោកឈ្មោះថា Dida។ ក្រុមគ្រួសាររបស់ Dida បានរក្សាទុកអាវនេះអស់រយៈពេលជាច្រើនទសវត្ស មុនពេលវាត្រូវបានយកទៅដាក់នៅសារមន្ទីរ ហើយបន្ទាប់មកត្រូវបានដាក់ដេញថ្លៃជាលើកដំបូងនៅឆ្នាំ២០០៤។ តម្លៃនៅពេលនោះមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
ជម្រាបជូនថា លោក Pele កើតនៅប្រទេសប្រេស៊ីល និងបានធំធាត់ក្នុងភាពក្រីក្រ ហើយថែមទាំងលក់ទំនិញនៅតាមដងផ្លូវដើម្បីជួយគ្រួសាររបស់លោករកប្រាក់ចិញ្ចឹមជីវិតទៀតផង។ ប៉ុន្តែក្រោយមក លោកបានក្លាយជាមនុស្សលេចធ្លោបំផុតមួយ នៅអាយុ ១៥ឆ្នាំ នៅពេលដែលលោកចាប់ផ្តើមអាជីពជាមួយក្រុម Santos៕

