ខេត្តកំពង់ធំ៖ នារសៀលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា ឧកញ៉ា ដែលជាថ្នាក់ដឹកនាំ និងសមាជិកសមាគមជាច្រើនរូប បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាពិសេសសមាគមឧកញ៉ាកម្ពុជា ដែលបានបរិច្ចាគថវិកាគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយនានា ស្របតាមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការរំលឹកដល់ប្រវត្តិ និងបេសកកម្មរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសលើកកម្ពស់ស្មារតីមនុស្សធម៌ សាមគ្គីភាព ការចែករំលែក និងការជួយគ្នាទៅវិញទៅមក ស្របតាមទិសស្លោក «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ» ដើម្បីរួមចំណែកថែរក្សាសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងប្រឈមនឹងការលំបាក។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ស្ថាប័ន អង្គភាព វិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តរួមសហការគាំទ្រសកម្មភាពមនុស្សធម៌ឱ្យកាន់តែទូលំទូលាយ ដើម្បីសម្រេចបាននូវទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
ក្នុងនាមក្រុមប្រឹក្សាភិបាល សមាជិក និងអគ្គលេខាធិការដ្ឋាន សមាគមឧកញ៉ាកម្ពុជា សូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសមាជិកទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាតាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ធំ និងបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីប្រគល់ថវិកា។ ទឹកចិត្តសប្បុរស និងការចូលរួមប្រកបដោយការទទួលខុសត្រូវសង្គមរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការគាំទ្របេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងបានបង្ហាញយ៉ាងច្បាស់នូវស្មារតីសាមគ្គីភាព ការចែករំលែក និងការរួមចំណែកក្នុងការកសាងសង្គមកម្ពុជាប្រកបដោយមនុស្សធម៌ និងភាពកក់ក្តៅ។

















