ខេត្តតាកែវ កំពុងបន្តបង្ហាញសក្តានុពលត្រៀមទទួលក្រុមហ៊ុនចំនួន ៣៥ របស់ខេត្តចឺជាំង ប្រទេសចិន ក្រោមទុន​វិនិយោគប្រមាណ ១ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

តាកែវ៖ នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលស្វាគមន៍​យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ច មកពីក្រុមហ៊ុនចំនួន ៣៥ នៃខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកសិក្សាស្វែងយល់ពីឱកាស និងសក្តានុពលវិនិយោគ​នៅក្នុងខេត្តតាកែវ ខណៈដែលខេត្តតាកែវ កំពុងបន្តបង្ហាញសក្តានុពលខ្ពស់ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះដែរ តាមគម្រោងដែលបានបង្ហើបឱ្យដឹង ក្រុមហ៊ុនទាំង ៣៥ នេះ គ្រោងនឹងបណ្តាក់ទុនវិនិយោគសរុប​ប្រមាណ ១ពាន់លានដុល្លារអាមេរិក ក្នុងជំហានបន្តបន្ទាប់ ដើម្បីបង្កើតរោងចក្រ និងសហគ្រាសលើវិស័យ​គន្លឹះ​សំខាន់ៗមួយចំនួន រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យបច្ចេកវិទ្យា, ការផលិតគ្រឿងបង្គំអេឡិច​ត្រូនិក និងការផលិតគ្រឿងបរិក្ខារអគ្គិសនីគ្រប់ប្រភេទ។

ក្នុងជំនួបនាឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងបានបញ្ជាក់ថា រដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង​ដល់គ្រប់បណ្តា​វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុននៅក្នុងខេត្តតាកែវ ស្របតាមច្បាប់ស្តីពីវិនិយោគរបស់ព្រះរាជាណា ចក្រកម្ពុជា។

តាមរយៈគម្រោងវិនិយោគដ៏ធំសម្បើមនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើក កម្ពស់សមត្ថភាព​ផលិតកម្មក្នុងខេត្ត, បង្កើតឱកាសការងារថ្មីៗរាប់ម៉ឺនកន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ, បង្កើនប្រាក់ចំណូលគ្រួសារ, ព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍជំនាញធនធាន មនុស្ស ឱ្យកាន់តែដើរទាន់តម្រូវការទីផ្សារការងារបច្ចុប្បន្ន ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបជូនថា ការអញ្ជើញមកសិក្សាផ្ទាល់របស់ក្រុមវិនិយោគិនចិននាពេលនេះ មិនត្រឹមតែបង្ហាញពីឱកាស​មាស​របស់​ខេត្តតាកែវប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការកើន ឡើងនៃទំនុកចិត្តរបស់​វិនិយោគិន​បរទេស ចំពោះស្ថិរភាពនយោបាយ ព្រមទាំងការរីកចម្រើននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កសិកម្ម និងឧស្សា ហកម្មរបស់ខេត្តតាកែវ នាពេលបច្ចុប្បន្ន និងទៅអនាគតថែមទៀតផងដែរ៕