កម្ពុជា-ចិន បានបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយយកយុវជនជាស្នូល

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល ស្របពេលនៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​ ជាមួយលោក ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

លោក ឈិន ចូវ បានលើកឡើងថា នៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពុជា-ចិន) នៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរ បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ​ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។

សម្ដេចបានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អប្រសើរនៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល។

ជាមួយគ្នានោះ សម្តេច​ធិបតី​ ក៏បាន​លើកទឹកចិត្ត​ដល់យុវ​ជន​ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យកាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដើម្បី​រួមចំណែក​ដល់​ការបន្ត​ពូន​ជ្រំ​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រឹងមាំ​៕