រដ្ឋមន្រ្តីកសិកម្ម គាំទ្រឱ្យជប៉ុនបង្កើតរោងចក្រកែឆ្នៃគ្រាប់ និងសម្បកស្វាយចន្ទីនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាការងារ ជាមួយលោកអគ្គនាយកក្រុមហ៊ុនជប៉ុន Top Planning Japan Co.,LTD  កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ និងសម្បកស្វាយចន្ទីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការស្វាគមន៍និងលើកទឹកចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា លើគម្រោងបង្កើតរោងចក្រធំ១នៅកម្ពុជា ដើម្បីនាំស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ទាំងផលិតផលគ្រាប់ស្វាយចន្ទី និងច្នៃសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈ ខណៈកន្លងមកក្រុមហ៊ុនបានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុនរួចស្រាប់។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ក៏បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការតាមរយៈអង្គការ JICA ដើម្បីទទួលបានពូជអង្ករ Japonica របស់ជប៉ុនមកដាំដុះនៅកម្ពុជាសម្រាប់ការនាំចេញផងដែរ

យ៉ាងណាមិញ តាមរយៈជំនួបពិភាក្សាខាងលើ ពាក់ព័ន្ធនឹងគម្រោងបង្កើតរោងចក្ររបស់ជប៉ុននោះដែរ ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ដែរថា ដើម្បីទទួលបានតម្លៃបន្ថែមច្រើនជាងនេះ ឯកឧត្តម បានណែនាំឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកចន្ទីទៅជាឥន្ធនៈវិញ ឯកឧត្តមថា គឺជារឿងល្អមួយ ប៉ុន្តែក្រុមហ៊ុនគួរសិក្សាស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី៕ អត្ថបទ៖ ពិសី