របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងនៅពេលថ្មីៗនេះថា ជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតឆ្លងដែននៅតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់បានខាតបង់រហូតដល់ ១១៤,១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ពោលគឺបានកើនឡើងបីដង បើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញការឆបោកតាមអ៊ីនធឺណិត ភាគច្រើនគឺកើតឡើងមកពីការក្លែងបន្លំវិនិយោគ ដែលបានធ្វើឲ្យជនរងគ្រោះខាតបង់ប្រមាណពី ៨៨,៣ពាន់លានដុល្លារ ទៅ ១១៤,១ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ថ្មីពីការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។
គួរឲ្យដឹងថា ឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិតបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមឧក្រិដ្ឋជនដែលមានការរៀបចំដំបូងភាគច្រើនផ្តោតលើអ្នកនិយាយភាសាចិន មុនពេលពង្រីកវិសាលភាពរបស់ពួកគេ និងកំណត់គោលដៅលើជនរងគ្រោះផ្សេងទៀត នៅទូទាំងពិភពលោក។
យ៉ាងណាមិញ បើតាមរបាយការណ៍ពី UNODC បាននិយាយទៀតថា ពួកគេក៏ជ្រើសរើស និងជួញដូរអ្នកបោកប្រាស់ពីជុំវិញពិភពលោកផងដែរ ដោយមានបុគ្គលមកពីប្រទេស និងដែនដីយ៉ាងហោចណាស់ ៨០ ត្រូវបានរកឃើញនៅក្នុងបរិវេណបោកប្រាស់ទូទាំងតំបន់ទន្លេមេគង្គ។
គួរជម្រាបជូនផងដែរថា ទំហំនៃការខាតបង់ដោយសារការបោកប្រាស់កាលពីឆ្នាំមុន ហាក់បានកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងចំនួនប៉ាន់ស្មានចន្លោះពី ១៨ពាន់លានដុល្លារ ទៅ ៣៧ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ដែលនេះហាក់បានឆ្លុះបញ្ចាំងពីការពង្រីកយ៉ាងខ្លាំងនៃសេដ្ឋកិច្ចឧក្រិដ្ឋកម្មនេះ៕

