រលកកម្តៅនៅក្នុងខែមិថុនាធ្វើឲ្យអង់គ្លេសខាតបង់សេដ្ឋកិច្ចអស់ជាង ១,៥ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមការប៉ាន់ស្មានដែលចេញផ្សាយដោយសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ (LSE) បានបង្ហាញឲ្យដឹងថា រលកកម្តៅក្តៅខ្លាំងបំបែកកំណត់ត្រានៅចក្រភពអង់គ្លេស កាលពីខែមិថុនា បានបណ្តាលឲ្យមានការបាត់បង់ម៉ោងការងារប្រហែល ២៤ លានម៉ោង ដែលធ្វើឲ្យមានការការខាតបង់សេដ្ឋកិច្ចអស់ប្រមាណ ១,១៥ពាន់លានផោន (១,៥ពាន់លានដុល្លារ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមុន ចក្រភពអង់គ្លេស បារាំង និងប្រទេសអឺរ៉ុបដទៃទៀតបានឃើញការកើនឡើងកម្ដៅដ៏ខ្លាំងក្លាបំផុតមួយ ដែលបានរំខានដល់ការដឹកជញ្ជូន សាលារៀន និងមន្ទីរពេទ្យ ដែលបង្កើនការព្រួយបារម្ភអំពីសុខភាព និងហេដ្ឋារចនាសម្ព័ន្ធដែលមិនសូវសម្របខ្លួនបាន។

យ៉ាងណាមិញ យោងតាមការសិក្សាខាងលើ បានរកឃើញថា អ្នកដែលធ្វើការក្នុងការងារដែលប៉ះពាល់នឹងកម្ដៅខ្លាំង និងមានតម្រូវការរាងកាយខ្ពស់ ក្នុងវិស័យដូចជាសំណង់ និងកសិកម្ម បានកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេច្រើនជាងអ្នកដែលធ្វើការក្នុងការងារដែលប៉ះពាល់នឹងកម្ដៅទាប និងការងារដែលមិនសូវទាមទាររាងកាយខ្ពស់ដូចជាវិស័យសិក្សា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ LSE បានបង្ហាញថា អ្នកស្រាវជ្រាវបានពិនិត្យមើលពីផលប៉ះពាល់ដោយសាររលកកម្តៅនេះ ភាគច្រើនទៅលើម៉ោងធ្វើការ សមត្ថភាពក្នុងការគេង និងការផ្លាស់ប្តូរណាមួយចំពោះរបៀបដែលពួកគេធ្វើដំណើរទៅធ្វើការ។ ហើយចំពោះផលប៉ះពាល់ទាក់ទងនឹងសុខភាព អំឡុងពេលការកើនឡើងនៃរលកកម្តៅខ្លាំងនេះ រួមទាំងការគេងមិនលក់ អស់កម្លាំងនៅកន្លែងធ្វើការ ក៏ដូចជាវិលមុខ ដួលសន្លប់ និងចង្វាក់បេះដូងលោតញាប់ផងដែរ ដែលធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ។

ជម្រាបជូនថា ប្រទេសអង់គ្លេសបានកត់ត្រាពីអាកាសធាតុក្តៅបំផុតរបស់ខ្លួន នៅក្នុងខែមិថុនា ឆ្នាំនេះ ដោយអ្នកវិទ្យាសាស្ត្របានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុក្តៅខ្លាំងកំពុងកើតមានកាន់តែញឹកញាប់ និងខ្លាំងក្លាឡើង ដោយសារតែការប្រែប្រួលអាកាសធាតុ៕​