សម្តេចធិបតី៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិប្រឆាំង​ Online scam ដោយមានការចូលរួមពីអាមេរិក ចិន និង FBI

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  ដែលនឹងមានការចូលរួមពីទាំងចិន អាមេរិក ព្រមទាំងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI)  ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយសារព័ត៌មាន Bloomberg ផ្សាយចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (International Conference on Combating Online Scams) ដែលនឹងមានការចូលរួមពីទាំងចិន និងសហរដ្ឋអាមេរិក។ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអញ្ជើញគណៈប្រតិភូពី FBI ឱ្យចូលរួម ហើយលោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI)  បាននិយាយថា លោកនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួម។ ទាំងនេះគឺជាកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហារួម ដែលលើសពីបញ្ហាភូមិសាស្ត្រនយោបាយ។ វាគឺដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់។

ជាមួយគ្នានេះ សម្តេចធិបតី បានបន្ថែមថា បណ្តាញឧក្រិដ្ឋកម្មអាចវាយប្រហារប្រទេសណាក៏បាន ដោយមិនគិតថាប្រទេសនោះមានការពាក់ព័ន្ធនយោបាយជាមួយពួកគេឬអត់។ អ្វីដែលពួកគេអាចកេងប្រវ័ញ្ចបាន ពួកគេនឹងកេងប្រវ័ញ្ច។ ពួកគេអាចវាយប្រហារទាំងសហរដ្ឋអាមេរិក និងចិនក្នុងពេលតែមួយ ដើម្បីរកប្រាក់ចំណេញពីការបោកប្រាស់ ឬជួញដូរគ្រឿងញៀន។ ដូច្នេះ សម្តេចធិបតី យល់ថា កិច្ចសហប្រតិបត្តិការទាំងនេះមិនគួរត្រូវបានកំណត់ ឬក្លាយជាចំណាប់ខ្មាំងនៃបញ្ហាភូមិសាស្ត្រនយោបាយឡើយ។

សម្តេចបន្ថែមថា ពេលខ្លះ យើងផ្តោតខ្លាំងពេកលើចំណុចអវិជ្ជមាន។ ប៉ុន្តែជារួមទំនាក់ទំនងវិជ្ជមានរវាងចិន និងសហរដ្ឋអាមេរិកនៅតែមាន ហើយមានកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញជាច្រើន។

សូមជម្រាបដែរថា តាមរយៈបទសម្ភាសន៍ខាងលើ សម្តេចធិបតីថា រដ្ឋាភិបាលប្តេជ្ញាបន្តបង្ក្រាបបទល្មើសទាំងនេះ ហើយយើងបានឃើញលទ្ធផលរួចមកហើយ ខណៈ យើងនឹងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងដែលមិនងាយស្រួល និងមិនមានតម្លៃសម្រាប់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងការបន្តសកម្មភាព៕ អត្ថបទ៖ហ្សាលីន