នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធ អ្នកធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងចែករំលែកបទពិសោធពីការជិះកង់ពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវ 58,000 km ដោយឆ្លងកាត់ប្រទេសសរុប ៤០ និងប្រើរយៈពេល ២ ឆ្នាំពេញ ឬស្មើនឹង ៧៣០ថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធន៍ ការតស៊ូ និងស្មារតីស្រឡាញ់ជាតិពីសំណាក់លោក ទីវ តារារិទ្ធ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក។
សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រដល់បេសកកម្មនៃការបើកបរទោចក្រយានយន្ត ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Calypso Motors និងក្រុមហ៊ុន ជីប ម៉ុង។
ជាក់ស្តែង គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ គឺពិតជាបានចូលរួមចំណែកជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និងគាំទ្រនូវរាល់បេសកកម្មនានាដែលនាំ អច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ដើម្បីនាំពិភពលោកមកកម្ពុជាវិញ។










