ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងនឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីការបិទបញ្ចប់ បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» ដែលមានវាគ្មិនចូលរួមផ្ទាល់ ដោយ លោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំ វិញពិភពលោក និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និង តំណាងមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទីរសៀល នៅ សាលសវនាការវាំងឈើ ទីស្ដីការក្រសួងព័ត៌មាន។

យោងតាមសេចក្ដីជូនដំណឹង ក្រសួងព័ត៌មានបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មាននឹងទទួលបានព័ត៌មានលម្អិតស្តីពីដំណើរបេសកកម្ម បទពិសោធ ដែលលោក ទីវ តារារិទ្ធ បានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ជិះកង់ធ្វើដំណើរ ឆ្លងកាត់ប្រទេសចំនួន៤០ ចាប់ពីទ្វីបអាស៊ីរហូតដល់ទ្វីបអាហ្វ្រិក លើចម្ងាយផ្លូវដ៏វែងឆ្ងាយជាង៥០,០០០ គីឡូម៉ែត្រ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងគោលបំណងកៀរគរថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តបេសកកម្មជួយសង្គ្រោះជីវិតទារក និងកុមារដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕



