គ្រោះរញ្ជួយដីដ៏កាចសាហាវនៅក្នុងខេត្ត Kumamoto ប្រទេសជប៉ុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ ហើយក្រុមមន្ត្រីកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅថ្ងៃពុធនេះ ដោយធ្វើបច្ចុប្បន្នភាពអំពីផលវិបាកនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.១ រ៉ិចទ័រដែលបានវាយប្រហារខេត្ត Kumamoto កាលពីមួយថ្ងៃមុន ថា មនុស្ស ១៣ នាក់បានស្លាប់ដោយសារគ្រោះរញ្ជួយដីនេះ។ ហើយចំនួនអាចកើនឡើងបន្ថែមទៀត ខណៈពេលដែលក្រុមជួយសង្គ្រោះជប៉ុនប្រណាំងប្រជែងនឹងពេលវេលាដើម្បីស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក។
ទន្ទឹមនឹងនេះ សារព័ត៌មានក្នុងស្រុក Kyodo News បានរាយការណ៍ផងដែរថា សំណងអគារ និងផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងទីក្រុង Kashima ខេត្ត Kumamoto បានរងនូវការខាតខាតយ៉ាងធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះ ផលប៉ះពាល់នៃគ្រោះរញ្ជួយដីនេះ ក៏បានធ្វើឱ្យគ្រួសារជិត ៣៧ ០០០ គ្រួសារនៅក្នុងខេត្ត Kumamoto គ្មានអគ្គិសនីប្រើប្រាស់ផងដែរ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា។ Kumamoto ពីមុនបានរងការរញ្ជួយដីធ្ងន់ធ្ងរពីរលើករួចមកហើយ ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ក្នុងឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សប្រមាណ ២៧៣ នាក់។
ជម្រាបជូនថា ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដីច្រើនបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅលើព្រំដែននៃបន្ទះតិចតូនិចសំខាន់ៗចំនួនបួនតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក។ ប្រទេសដីកោះនេះ ដែលមានប្រជាជនសរុបប្រហែល ១២៥ លាននាក់ ហើយបានជួបប្រទះនឹងការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំ ដែលមានចំនួនប្រហែល ១៨% នៃការរញ្ជួយដីទាំងអស់នៅទូទាំងពិភពលោក៕

