មនុស្សយ៉ាងហោចណាស់ ១៣ នាក់បានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុន

អន្តរជាតិ

គ្រោះរញ្ជួយដីដ៏កាចសាហាវនៅក្នុងខេត្ត Kumamoto ប្រទេសជប៉ុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ ហើយក្រុមមន្ត្រីកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅថ្ងៃពុធនេះ ដោយធ្វើបច្ចុប្បន្នភាពអំពីផលវិបាកនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.១ រ៉ិចទ័រដែលបានវាយប្រហារខេត្ត Kumamoto កាលពីមួយថ្ងៃមុន ថា មនុស្ស ១៣ នាក់បានស្លាប់ដោយសារគ្រោះរញ្ជួយដីនេះ។ ហើយចំនួនអាចកើនឡើងបន្ថែមទៀត ខណៈពេលដែលក្រុមជួយសង្គ្រោះជប៉ុនប្រណាំងប្រជែងនឹងពេលវេលាដើម្បីស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក។

ទន្ទឹមនឹងនេះ​ សារព័ត៌មានក្នុងស្រុក Kyodo News បានរាយការណ៍ផងដែរថា សំណងអគារ និងផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងទីក្រុង Kashima ខេត្ត Kumamoto បានរងនូវការខាតខាតយ៉ាងធ្ងន់ធ្ងរ។

មិនតែប៉ុណ្ណោះ ផលប៉ះពាល់នៃគ្រោះរញ្ជួយដីនេះ ក៏បានធ្វើឱ្យគ្រួសារជិត ៣៧ ០០០ គ្រួសារនៅក្នុងខេត្ត Kumamoto គ្មានអគ្គិសនីប្រើប្រាស់ផងដែរ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា។ Kumamoto ពីមុនបានរងការរញ្ជួយដីធ្ងន់ធ្ងរពីរលើករួចមកហើយ ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ក្នុងឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សប្រមាណ ២៧៣ នាក់។

ជម្រាបជូនថា ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដីច្រើនបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅលើព្រំដែននៃបន្ទះតិចតូនិចសំខាន់ៗចំនួនបួនតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក។ ប្រទេសដីកោះនេះ ដែលមានប្រជាជនសរុបប្រហែល ១២៥ លាននាក់ ហើយបានជួបប្រទះនឹងការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំ ដែលមានចំនួនប្រហែល ១៨% នៃការរញ្ជួយដីទាំងអស់នៅទូទាំងពិភពលោក៕​