ឧកញ៉ា តាន់ មុនីវណ្ណ និងឧកញ៉ា លូ ម៉េង ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា​សមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានចាត់តាំង ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ផ្នែកឯកជន បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន​ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមាន ឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នរដ្ឋ និង ឧកញ៉ា លោក លោកស្រី ដែលមកពី​ផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។

បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីវាយតម្លៃពីស្ថានភាព និងបញ្ហាប្រឈម​សំខាន់ៗ​ដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ, ឥទ្ធិពលព័ត៌មានអវិជ្ជមាន និងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងសង្គ្រាមនៅអ៊ីរ៉ង់ដែលធ្វើឱ្យកើនឡើងថ្លៃ​ប្រេងឥន្ធនៈដែលជះឥទ្ធិពល​ដល់ការធ្វើដំណើរអន្តរជាតិ។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំបានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារ​ទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និង​ទីផ្សារ «បូក១» តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការកសាងទំនុកចិត្ត​របស់​ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញ​អ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍។