ជាថ្មីម្តងទៀត លោក ត្រាំ គំរាមវាយប្រហារអ៉ីរ៉ង់ខ្លាំងក្លាបំផុត និងដោយគ្មានមេត្តា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាយោធាអាមេរិកនឹងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតទៅលើអ៊ីរ៉ង់ បន្ទាប់ពីកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាត្រូវបានវាយប្រហារដោយមីស៊ីលដែលមិននឹកស្មានដល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់ Fox News នៅថ្ងៃទី២៩ ខែកក្កដាថា ៖”យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លា ហើយពួកគេនឹងទទួលរងការវាយប្រហារដ៏ឈឺចាប់មួយ។ យើងនឹងវាយពួកគេឲ្យសន្លប់”។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នេះបានកើតឡើងបន្ទាប់ពីបញ្ជាការកណ្តាល (CENTCOM) ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយថា អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយមីស៊ីលបាលីស្ទិកដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើកងកម្លាំងដែលឈរជើងនៅក្នុងតំបន់នេះ នៅថ្ងៃទី២៨ ខែកក្កដា បើទោះបីជាជម្លោះបានផ្អាកទៅហើយនោះ។

លោក ត្រាំ ក៏បាននិយាយទៀតផងដែរថា កងកម្លាំងអាមេរិកដែលមាននៅមូលដ្ឋាននៅហ្ស៊កដានីមានរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ ហើយពួកគេបានបាញ់ទម្លាក់មីស៊ីលទាំងនោះ មុនពេលវាហោះទៅដល់គោលដៅរបស់ពួកគេ។

គួរជម្រាបជូនផងដែរថា ការប្រយុទ្ធគ្នាបានបន្តនៅក្នុងតំបន់នេះ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានប្រកាសបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក។ មេដឹកនាំសេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ឈប់ការវាយប្រហារតាមអាកាស តាមការស្នើសុំរបស់អ៊ីរ៉ង់ ខណៈពេលដែលទីក្រុងតេអេរ៉ង់បានបដិសេធថា ខ្លួនមិនបានផ្តួចផ្តើមការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននោះឡើយ៕​