ក្រុមហ៊ុន Microsoft បានប្រកាសនៅថ្ងៃទី៣ ខែមេសាថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១,៦ទ្រីលានយ៉េន (១០ពាន់លានដុល្លារ) នៅក្នុងប្រទេសជប៉ុន រវាងឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត AI និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតជាមួយរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Microsoft បាននិយាយទៀតថា ការវិនិយោគនេះ ក៏រួមមានទាំងការបណ្តុះបណ្តាលវិស្វករ និងអ្នកអភិវឌ្ឍចំនួន ១ លាននាក់ នៅឆ្នាំ២០៣០ ផងដែរ ដែលការប្រកាសត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ដោយអនុប្រធាន និងជាប្រធានក្រុមហ៊ុន Microsoft លោក Brad Smith។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក បាននិយាយថា ផែនការនេះស្របទៅនឹងគោលដៅរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ក្នុងការជំរុញកំណើន តាមរយៈបច្ចេកវិទ្យាយុទ្ធសាស្រ្តទំនើប ដោយក្នុងនោះរួមមានការការពារសន្តិសុខជាតិ ផងដែរ។
ជម្រាបជូនថា តាមរយៈការវិនិយោគនេះ ក្រុមហ៊ុន Microsoft នឹងធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុក រួមទាំងក្រុមហ៊ុន SoftBank និង Sakura Internet ដើម្បីពង្រីកសមត្ថភាពកុំព្យូទ័រ AI ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលអាចរក្សាទុកទិន្នន័យរសើបក្នុងប្រទេស នៅពេលចូលប្រើសេវាកម្ម Microsoft Azure៕

