លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ នៅថ្ងៃទី៣០ ខែកក្កដានេះ បានចេញសារណែនាំច្បាប់ចរាចរណ៍ចំនួន ៣ចំណុច បន្ទាប់ពីឈ្មោះ សាម ម៉ីជូ បានចូលខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។

តាមរយៈសារលើបណ្តាញហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា គាត់បានចូលមកទទួលខុសត្រូវហើយ ដូចលោកបានសរសេរព្រឹកមិញច្បាស់លាស់ថា គ្រួសារគាត់នឹងនាំគាត់មកស្នងការរាជធានីភ្នំពេញ គាត់គ្មានចេតនាណាមួយថានឹងរត់ទៅក្រៅប្រទេសនោះទេ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនចរាចរណ៍ ក៏សូមណែនាំច្បាប់ចរាចរណ៍ចំនួន ៣ចំណុចដូចខាងក្រោម៖
១. សូមបើកបរដោយប្រុងប្រយ័ត្ន កុំជែងដោយហានិភ័យ កុំលឿន កុំបើកក្នុងស្ថានភាពស្រវឹង។
២. សូមកុំបើកបុកហើយរត់។ ត្រូវសហការទទួលខុសត្រូវតាមច្បាប់ ព្រោះចុងក្រោយនៅតែត្រូវទទួលខុសត្រូវដដែល ចៀសវាងកំហុសកាន់តែធ្ងន់។
៣. មហាជនកន្លែងកើតហេតុ សូមកុំបង្កហិង្សា ត្រឹមឃាត់ខ្លួនជនបង្ក រង់ចាំសមត្ថកិច្ចដោះស្រាយតាមនីតិវិធីច្បាប់។
ជាចុងក្រោយ លោកក៏សូមអំពាវនាវថា “គោរពច្បាប់ចរាចរណ៍ គឺស្មើនឹងការគោរពជីវិតខ្លួន និងអ្នកដទៃ”។
គួររំឭកថា នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យបុរសជនរងគ្រោះ ជាមន្ត្រីរាជការ បាត់បង់ជីវិត បានកើតឡើង នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាមន្ដ្រីនៃមន្ទីរពិសោធន៍ សំណង់ និងសាធារណការ។ ចំណែកអ្នកបើករថយន្ដបង្កម៉ាក AVATAR មានឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានគេដឹងថា ជាកូនស្រីរបស់ ឧកញ៉ា តុង ហុកសេង មានអាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ៕






