អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន បេកាម៉ិចគ្រុប (Becamex Group)

ជុំវិញ​ឧកញ៉ា

ទីក្រុងហូជីមិញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ច​សភាពាណិជ្ជកម្ម​កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន បេកាម៉ិចគ្រុប (Becamex Group) ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសួនឧស្សាហកម្មទំនើប តំបន់សេដ្ឋកិច្ចពិសេស តំបន់ភស្តុភារកម្ម និងឱកាសវិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក ង្វៀន វ៉ាន ហឹង (NGUYEN VAN HUNG) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បេកាម៉ិចគ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរ​គុណ​ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បេកាម៉ិចគ្រុប ដែលបានទទួលស្វាគមន៍គណៈប្រតិភូសភា​ពាណិជ្ជកម្មកម្ពុជាយ៉ាងកក់ក្តៅ និងបានចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍសួនឧស្សាហកម្មរបស់ខ្លួន។ អ្នកឧកញ៉ា​បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍ​សួនឧស្សាហកម្ម ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចវៀតណាម និងក្លាយជាម៉ូដែលគំរូមួយ​ក្នុងតំបន់អាស៊ាន។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របតាមគោលនយោបាយ​របស់រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ២០ពាន់លានដុល្លារ ជាពិសេសបន្ទាប់ពីដំណើរ​ទស្សនកិច្ច​ផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់​ថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងដកស្រង់យកបទពិសោធន៍ពី​ដំណើរ​ទស្សនកិច្ចនេះ សម្រាប់យកមក​អភិវឌ្ឍសួនឧស្សាហកម្មឱ្យស្របតាមស្ថានភាពភូមិសាស្ត្រ និងសេដ្ឋកិច្ច។

លោក ង្វៀន វ៉ាន ហឹង (NGUYEN VAN HUNG) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បេកាម៉ិចគ្រុប បានបង្ហាញ​នូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកឧកញ៉ា គិត ម៉េង រួមនិងគណៈប្រតិភូសភា​ពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានអញ្ជើញបំពេញទស្សនកិច្ចសួនឧស្សាហកម្មរបស់ក្រុមហ៊ុន បេកាម៉ិចគ្រុប។

លោកប្រធានបានជម្រាបជូនអំពីការអភិវឌ្ឍតំបន់ឧស្សាហកម្មបេកាម៉ិច ដោយអនុលោមតាមគោលនយោបាយ​រដ្ឋាភិបាលវៀតណាម ក្នុងការជំរុញខេត្តភាគខាងជើងឱ្យក្លាយជាតំបន់ឧស្សាហកម្ម និងវិទ្យាសាស្ត្រ។ ប្រវត្តិ​ជោគជ័យដ៏លេចធ្លោមួយរបស់ក្រុមហ៊ុន គឺការអភិវឌ្ឍសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ចាប់ពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន ដែលបានប្រែក្លាយតំបន់ពឹងផ្អែកលើកសិកម្ម ឱ្យទៅជាតំបន់ឧស្សាហកម្មឈានមុខ តាមរយៈ​ការបង្កើតគណៈកម្មាការដាច់ដោយឡែករបស់រដ្ឋសម្រាប់គ្រប់គ្រងការអភិវឌ្ឍ និងការកែប្រែតំបន់រដ្ឋបាល។ បច្ចុប្បន្ន សួនឧស្សាហកម្មរបស់ក្រុមហ៊ុន បេកាម៉ិច មានចំនួន ៣០ នៅទូទាំងប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បេកាម៉ិចគ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងទីក្រុង​ឈាន​មុខគេរបស់ប្រទេសវៀតណាម ដែលល្បីល្បាញតាមរយៈការរួមចំណែកបង្កើត​បណ្តាញសួនឧស្សាហកម្ម​វៀតណាម-សិង្ហបុរី (VSIP) ដ៏ជោគជ័យ។ ដោយបានត្រួសត្រាយផ្លូវលើគំរូរួមបញ្ចូលគ្នានៃ «ឧស្សាហកម្ម-ទីក្រុង-សេវាកម្ម» ក្រុមហ៊ុនបាននិងកំពុងធ្វើទំនើបកម្មក្នុងតំបន់ ដោយរួមបញ្ចូលគ្នារវាងតំបន់ផលិតកម្មវៃឆ្លាត តំបន់ប្រជុំ​ជនរស់នៅ បណ្តាញភស្តុភារកម្មធំៗ និងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រច្នៃប្រឌិត ដែលជាគ្រឹះយ៉ាងរឹងមាំ​ក្នុងការទាក់ទាញវិនិយោគិនបរទេស (FDI) និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាម។