ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ទីភ្នាក់ងារជប៉ុន JICA ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពិចារណាក្នុងការផ្ដល់ការគាំទ្របន្ថែមទៀតពាក់ព័ន្ធទៅនឹងការអភិវឌ្ឍផ្លូវដែកនិងសុវត្ថិភាពផ្លូវដែកនៅកម្ពុជា។


នេះបើយោងតាមជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្រោមការដឹកនាំដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយប្រតិភូទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA-HQ) ដឹកនាំដោយលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា រួមជាមួយគណៈប្រតិភូមកពី JICA-HQ។ កិច្ចពិភាក្សានេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផង។
ជំនួបពិភាក្សានេះ មានគោលបំណង ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានអំពីបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការកំណត់នូវការងារអាទិភាពរបស់ក្រសួង ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ផ្លូវដែក កំពង់ផែ ការដឹកជញ្ជូនក្នុងទីក្រុង និងភស្តុភារកម្ម។
តាមរយៈជំនួបពិភាក្សានេះ លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ បានថ្លែងអំណរគុណដល់ JICA ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ជាមួយគ្នានេះ ក្រសួង ក៏បានស្នើឱ្យ JICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពិចារណាក្នុងការផ្ដល់ការគាំទ្របន្ថែមទៀតពាក់ព័ន្ធទៅនឹងការអភិវឌ្ឍផ្លូវដែកនិងសុវត្ថិភាពផ្លូវដែក ការរៀបចំផែនការមេការដឹកជញ្ជូនក្នុងទីក្រុង (Urban Transport and Mass-Transit Master Plan) គោលនយោបាយកំពង់ផែ (Port Policy) ភស្តុភារកម្ម សុវត្ថិភាពចរាចរណ៍ ការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពង្រឹងសមត្ថភាពបន្ថែមដល់មន្តី្របច្ចេកទេសតាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងការផ្ដល់អាហារូបករណ៍ដល់និស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនជាដើម៕អត្ថបទ៖ហ្សាលីន



